កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ៥០០នាក់ នឹងចូលរួមព្រឹត្តិការណ៍ជិះកង់អូដាកជុំវិញរាជធានីភ្នំពេញ ចម្ងាយ ៧៣គីឡូម៉ែត្រ នាថ្ងៃទី៨ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ដើម្បីអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងអបរសាទរព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ រៀបចំដោយក្លិបជិះកង់អូដាកកម្ពុជា ដោយមានកិច្ចសហការ និងការគាំទ្រពេញទំហឹងពីក្រសួងទេសចរណ៍ ក្នុងនោះមានអ្នកជិះកង់ជាតិ និងអន្ដរជាតិប្រមាណ ៥៣០នាក់ មកពី ១៨ជាតិសាសន៍ ដែលបានចុះឈ្មោះចូលរួមអបអរសាទរព្រឹត្តិការណ៍ធំៗទាំងពីរ ហើយដើម្បីញាំងឲ្យព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅរលូន ជោគជ័យ និងអធិកអធម ក៏នឹងមានកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រុមម៉ូតូធំដើម្បីជួយសម្រួលចរាចរណ៍ផងដែរ។
ជាមួយព្រឹត្តិការណ៍ជិះអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងអបរសាទរព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី នេះដែរ កីឡាករ-កីឡាការិនីទាំងអស់ នឹងត្រូវជួបជុំ និងចេញដំណើរពីមុខទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ខណៈបើគ្មានការប្រែងប្រួលទេនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នឹងអញ្ជើញជាអធិបតី និងចូលរួមជិះកង់ដោយផ្ទាល់ផងដែរ។ បន្ទាប់មកក្បួនកង់នឹងបន្ដដំណើរតាមវិថីសំខាន់មួយចំនួនក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ហើយត្រឡប់មកសួនច្បារមុខវត្តបទុមវតី ដែលជាទីកន្លែងបញ្ចប់ និងជាទីតាំងរៀបចំព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី ផងដែរ៕ អត្ថបទ លី ឈុនឡា

