ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានធ្វើការហ្វឹកហាត់ភ្លាមៗ បន្ទាប់ពីធ្វើដំណើរដល់ហុងកុងដោយសុវត្ថិភាព កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅ ដើម្បីត្រៀមការប្រកួតជើងទី២ ទល់ក្រុមម្ចាស់ផ្ទះ Kitchee SC នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្អែក ក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលH។
ការហ្វឹកហាត់នៅថ្ងៃដដែល ក្រោយចំណាយពេលច្រើនម៉ោងលើយន្ដហោះនេះ បានបង្ហាញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់ក្រុម ក្នុងការក្ដាប់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះ ខណៈបើភ្នំពេញក្រោន អាចបន្ដជ័យជម្នះលើក្រុមខ្លាំងហុងកុង Kitchee SC ពួកគេនឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិតែម្ដង។
បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាងពូលH ដោយរកបាន ៩ពិន្ទុពេញពីជ័យជម្នះ ៣ប្រកួតជាប់គ្នាលើគូប្រជែងក្នុងពូល កាលពីជើងទី១ ដែលធ្វើឲ្យក្រុមតំណាងកម្ពុជានេះ មានឱកាសខ្ពស់ក្នុងដំណើរឆ្ពោះទៅវគ្គបន្ដ ពិសេសការប្រកួតទល់ក្រុម Kitchee SC ថ្ងៃស្អែក ដែលភ្នំពេញក្រោន ត្រូវការជ័យជម្នះជាថ្មី ដើម្បីប្រែក្លាយឱកាស ឲ្យក្លាយជាការពិតតែម្ដង។
គួរដឹងថា មុនធ្វើដំណើរទៅហុងកុង គឺភ្នំពេញក្រោន បានយកឈ្នះក្រុម Kitchee SC ២-០ នៅចុងម៉ោង បន្ទាប់ពីយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី និងក្រុម Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ដូចគ្នាកាលពីថ្មីៗ។ ចំពោះតារាងពិន្ទុបណ្ដុះអាសន្ន បន្ទាប់ពីក្រុមកំពូលតារាងភ្នំពេញក្រោន គឺក្រុម Gangwon FC កំពុងឈរលេខ២ មាន ៤ពិន្ទុ លើក្រុម Kitchee មាន ២ពិន្ទុ និងក្រុម Kuching City ឈរបាតតារាងមាន ១ពិន្ទុ។
ផ្អែកលើលទ្ធផលពេលនេះ គេរំពឹងថា ក្រុម Kitchee នឹងព្យាយាមខ្លាំងក្នុងការប្រកួតជាមួយភ្នំពេញក្រោន និងជាការប្រកួតក្នុងដីរបស់ខ្លួន ទី១ ដើម្បីសងសឹងការបរាជ័យលើទឹកដីកម្ពុជាផង និងទី២ ដើម្បីស្រោចស្រង់ឱកាសប្រជែងកៅអីឡើងទៅវគ្គបន្ដផង។ ដូច្នេះការប៉ងដណ្ដើមពិន្ទុពីក្រុមតំណាងហុងកុងត្រឡប់មកផ្ទះវិញ ពុំមែនជារឿងងាយស្រួលសម្រាប់ក្រុមភ្នំពេញក្រោន នោះទេ៕ អត្ថបទ លី ឈុនឡា










