នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មអនុតំបន់ កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ឈានចូលដល់ដំណាក់កាលថ្មីសម្រាប់ មេគង្គ-ឡានឆាង ២.០ កម្ពុជាបានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន រួមមាន៖ ការរក្សាសន្តិភាព ការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។






