ភ្នំពេញ ៖ កងកម្លាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានដោះបង្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ទម្ងន់ជិត ១ ០០០គីឡូក្រាម ដែលស្រង់បានពីបាតទន្លេចតុមុខ បានសម្រេចជោគជ័យមួយជំហាន ដោយដោះបន្សាបគីបផ្ទុះក្បាលខាងមុខ ប្រកបដោយ ជោគជ័យ ។
ឯកឧត្តម ហេង រតនា អគ្គនាយក អង្គភាពស៊ីម៉ាក់ មានប្រសាសន៍ថា គ្រាប់បែបនេះ ត្រូវបានចាប់ផ្ដើមបន្សាបដោយជោគជ័យមួយជំហាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយ ដំណើរការដោះបន្សាប ត្រូវបានសិក្សាពីគោលការណ៍សុវត្ថិភាព និងលក្ខណ:បច្ចេកទេសយ៉ាងល្អិនល្អន់ ហើយគ្រាប់បែកនេះ ត្រូវដោះបន្សាបគីបផ្ទុះផ្នែកកន្ទុយមួយទៀត ដែលអាចរៀបចំកាត់បន្សាបក្នុងពេលឆាប់ៗនាមុខនេះ ។
ឯកឧត្តម ហេង រតនា បានគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះ មានជាតិផ្ទុះជាង ៥០០គីឡូក្រាម ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅអាមេរិក និងជាសំណល់ពីសង្គ្រាម ប្រសិនជាករណីអាក្រក់បំផុតកើតឡើង ដោយការផ្ទុះគ្រាប់បែកនេះ អាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានរបស់ពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡើយ ដែលនេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា ។ តាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទ AN-M66នេះ មានចំនួន ១១គ្រាប់ ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ កងកម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាម របស់ស៊ីម៉ាក់ បានត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ហើយស្រងបានដោយសុវត្ថិភាព ៕ អត្ថបទ ៖ សុខរិទ្ធ







