ក្នុងឆ្នាំ២០២៦នេះ កម្ពុជាមិនរំពឹងថាមានកំណើនភ្ញៀវទេសចរអន្តរជាតិនោះទេ ប៉ុន្តែចាប់ពីចុងខែតុលា រហូតដើមឆ្នាំ២០២៧ គឺគ្រប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានកក់ទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា និងបាននាំគ្នាមកទស្សនាកម្ពុជាជាបណ្តើរៗហើយនោះ ភាគច្រើនជាភ្ញៀវលំដាប់ខ្ពស់ អ្នកមាន និងមានលទ្ធភាពស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ៤ ផ្កាយ៥ និងស្នាក់នៅយូរថ្ងៃ។
មគ្គុទេសក៍ទេសចរណ៍ បានប្រាប់BTV នៅថ្ងៃទី៤ ខែវិច្ឆិកា នេះថា នៅក្នុងអំឡុងពេលនេះ នៅរាជធានីភ្នំពេញ សម្គាល់ឃើញមានភ្ញៀវទេសចរអន្តរជាតិ មកពីតាមបណ្តាប្រទេសនៅអឺរ៉ុប អាម៉េរិក តំបន់អាស៊ីកណ្តាល និងមជ្ឈិមបូពាហ៍ ជាដើម គឺបាននាំគ្នាមកទស្សនាកម្ពុជាច្រើន ដែលទេសចរអន្តរជាតិទូទៅបានកក់ទិញកញ្ចប់ទេសចរណ៍ ស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ មានការចំណាយច្រើន ដែលកត្តានេះនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ចំនួនទេសចរអន្តរជាតិមកតិច តែចំណូលទទួលបានច្រើន។
ទេសចរអន្តរជាតិ បាននិយាយថា ការមកទស្សនាកម្ពុជា អំឡុងពេលនេះ គឺមានទេសភាពបៃតងស្រស់ស្អាត។ ពលរដ្ឋរួសរាយរាក់ទាក់ គោលដៅទេសចរណ៍នានាមានភាពទាក់ទាញខ្លាំង សុវត្ថិភាពខ្ពស់ តម្លៃសណ្ឋាគារ ការធ្វើដំណើរ ម្ហូបអាហារ និងតម្លៃទំនិញផ្សេងៗមិនថ្លៃ បើប្រៀបធៀបប្រទេសរបស់គេ ហើយពេលត្រឡប់ទៅវិញ ភ្ញៀវទាំងនោះនឹងរៀបរាប់អំពីបទពិសោធន៍ និងណែនាំឲ្យប្រជាជននៅក្នុងប្រទេសគេនាំគ្នាមកទស្សនាកម្ពុជា។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA លោកជំទាវ ឆាយ ស៊ីវលីន ថ្លែងថា ភ្ញៀវទេសចរអន្តរជាតិ ដែលបានកក់ទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជាតាំងពីពេលមុនៗមក គឺគេបានចាប់ផ្តើមអញ្ជើញមកទស្សនា កម្ពុជាដោយចាប់ផ្តើមកើនតាំងពីចុងខែតុលា ឆ្នាំ២០២៦នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ។
លោកជំទាវ ឆាយ ស៊ីវលីន បន្តថា ភាគច្រើន ភ្ញៀវអន្តរជាតិអន្តរជាតិ ដែលមកទស្សនានោះ ជាភ្ញៀវលំដាប់ខ្ពស់ ដែលមានលទ្ធភាពចំណាយស្នាក់នៅនៅតាមសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមានតម្រូវការដឹកជញ្ជូន អាហារដ្ឋានលំដាប់ខ្ពស់ និងមានទំនោរខ្លាំងចង់ទស្សនានៅខេត្តសៀមរាប ទស្សនាតំបន់ប្រាសាទ តំបន់សហគមន៍ទេសចរណ៍ បឹងទន្លេសាប ទេសភាពវាលស្រែ ទស្សនាវប្បធម៌បែបជនបទ និងទស្សនារាជភ្នំពេញ និងបន្តទៅតំបន់ឆ្នេរសមុទ្រជាដើម ។
លោកជំទាវ បន្តថា នៅក្នុងរដូវទេសចរណ៍ high season អមដោយមានព្រឹត្តិការណ៍ Francophonie គឺពិតជាបានរួមគ្នាចំណែកខ្លាំងបង្កើនភាពទាក់ទាញទេសចរអន្តរជាតិផ្សេងៗមកកម្ពុជាកាន់តែច្រើនថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា









