តាកែវ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារ និងសមាជិកគណបក្សប្រជាជនកម្ពុជាចុះបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងឃុំពោរំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលបានរំដោះប្រទេសជាតិជាតិ និងបងប្អូនប្រជាពលរដ្ឋពីរបបកាប់សម្លាប់ខ្មែរក្រហម ហើយបានរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋម្ដងណានោះទេ។ នៅពេលបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាកតែងតែលេចមុខមន្រ្តីគណបក្សប្រជាជនកម្ពុជាចុះជួយបងប្អូនជានិច្ច។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាបានលះបង់និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទ្វេឡើង ពោលយើងបានប្លាស់ប្ដូរពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងបន្តថា ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កំពុងតែមានមុខមាត់នៅលើឆាកអន្តរជាតិខណៈដែលបច្ចុប្បន្នកម្ពុជាគឺជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការធ្វើសង្រ្គាមជាមួយជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើងបានប្រយុទ្ធបានជោគជ័យ ដោយជាប់ចំណាត់ថ្នាក់លេខ ២ក្នុងចំណោមប្រទេសជាង២០០។
ភាពជោគជ័យនេះគឺមិនមែនកើតមានឡើងដោយចៃដន្យនោះទេ វាកើតឡើងដោយសារតែរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមានមេដឹកនាំឈ្លាសវៃដោយបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ និងត្រឹមត្រូវ៕អត្ថបទ៖ គុជ វិភាគ






