ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រុងពាលី បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ដែលជាជំនួយរបស់សមាគមAIMF។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយរបស់សមាគមAIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការត្រូវធ្វើឡើងនៅថ្ងៃទី២៤ឧសភាស្អែកនេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ដែលហៅកាត់ថា AIMFទីតាំងស្ថានីយ៍ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់នេះសាងសង់លើផ្ទៃដី៣ហិចតា ស្ថិតនៅភូមិភ្លើងឆេះរទេះលិច ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដែលជាការរួមចំណែកកាត់បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីក្រុងផងដែរ មុននឹងបង្ហូរចូលទៅបឹង ឬទន្លេធម្មជាតិ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខា ជាមួយសមាគមAIMF លើការងារផែនការត្រៀមបម្រុងសំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ យុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្ដីពីទីក្រុងឆ្លាតវៃ និងមានចីរភាពផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


