ក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម Tampines Rovers របស់សិង្ហបុរី វិញម្ដង នារាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងជើងទី២ នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលG ក្រោយទទួលបានជ័យជម្នះក្រៅដី ៥-១ កាលពីចុងខែតុលាកន្លងទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ជំនួបដ៏សំខាន់នេះ បន្ទាប់ពីមានពេលវេលាសមរម្យដើម្បីរៀបចំក្រុម។ យ៉ាងណាលោកបានក្រើនរំឮកកូនក្រុម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ព្រោះ Tampines Rovers ជាក្រុមដែលពិបាកស្មាន ហើយកាន់តែពិបាក បើធៀបកាលពីជួបគ្នាជើងទី១។

ដោយឡែកលោក Nazri Nasir គ្រូបង្វឹកក្រុម Tampines Rovers បានលើកឡើងថា ការជួបព្រះខ័នរាជស្វាយរៀង មិនមែនជារឿងងាយស្រួលឡើយ តែលោកនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសលោកមិនចង់ឃើញការរបូតគ្រាប់បាល់ច្រើនគ្រាប់កើតឡើងម្ដងទៀត ដូចកាលពីជួបគ្នាជើងទី១ឡើយ។
គួរដឹងថា នេះគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់ក្រុមម្ចាស់ផ្ទះ ក្នុងចំណោម ៣ប្រកួតនៅសល់ ដែលព្រះខ័នរាជស្វាយរៀង ទាមទារពិន្ទុដាច់ខាត ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ មុនជួបក្រុមកំពូលតារាង Machida Zelvia របស់ជប៉ុន នាថ្ងៃទី២៦ ខែវិច្ឆិកា និងជួបក្រុមខ្លាំង Shanghai Shenhua របស់ចិន នាដើមខែធ្នូខាងមុខ។
បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ២ មាន ៤ពិន្ទុ ស្មើក្រុម Shanghai Shenhua ដែលឈរលេខ៣ តាមពីក្រោយក្រុមខ្លាំងជប៉ុន Machida Zelvia ដែលរកបាន ៩ពិន្ទុពីជ័យជម្នះគ្រប់ការប្រកួត កាលពីជើងទី១ ។ រីឯក្រុម Tampines Rovers ដែលមិនទាន់មានពិន្ទុរាប់ឡើយ ក្រោយរងបរាជ័យ ៣ប្រកួតជាប់គ្នា មុនជួបព្រះខ័នរាជស្វាយរៀង យប់នេះ៕ អត្ថបទ លី ឈុនឡា


