សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុញ្ញាតឱ្យនាវាទេសចរណ៍ Villa Vie Odyssey ដែលមានផ្ទុកអ្នកទេសចរចំនួនជាង២០០នាក់ ឈប់សំចត ដើម្បីដាក់អ្នកទេសចរចុះដោយសារបញ្ហាតម្លៃប្រេងនោះ គឺជាគុណធម៌ និងគ្មានចង់បានអ្វីពីទេសចរទាំងអស់នោះទេ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការជួយសង្គ្រោះនាវាទេសចរណ៍ ដែលជាប់គាំងនៅកម្ពុជា ដោយសារបញ្ហាតម្លៃប្រេងហក់ឡើង គឺជាទឹកចិត្ត វប្បធម៌ និងគុណធម៌របស់ប្រជាពលរដ្ឋខ្មែរ។ ឃើញមនុស្សមានទុក្ខ ត្រូវតែជួយ នេះជាបេះដូងមនុស្សធម៌។
សម្តេចធិបតីបានលើកឡើងថា សូម្បីតែកម្ពុជាជួយនាវី Odyssey ដែលជាប់គាំង ក៏ក្រុមប្រឆាំងរិះគន់ដែរ ជាពិសេស «អាវៀចទាំងចិត្ត»។
សម្តេចថ្លែងថា៖«យើងមិនត្រឹមតែអនុញ្ញាតឲ្យ ជនបរទេសជាង២០០នាក់ នៅលើ នាវី Odyssey ចូល ហើយស្វាគមន៍យ៉ាងកក់ក្តៅ ដោយគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះ ដែលនេះជាវប្បធម៌ និងទឹកចិត្តប្រជនកម្ពុជា។ យើងមិនមែនជាអ្នកមាន តែពេលអ្នកទាំងនោះមានទុក្ខ គឺយើងបានជួយ។ នាវានេះបានចេញពីកម្ពុជាវិញ កាលពីម្សិលមិញ»។ សម្ដេចបន្តថា ការជួយនាវា Odyssey គឺជាគុណធម៌ របស់ប្រជាជនកម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ថា ការជួយសង្គ្រោះមនុស្សដែលរសាត់អណ្តែតមកដល់ទឹកដីកម្ពុជា គឺប្រៀបបាននឹងការជួយរបស់ប្រទេសផ្សេងចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានរសាត់អណ្ដែតទៅដល់ គ្រារត់គេចពីសង្គ្រាមស៊ីវិលកាលពីអតីតកាលដូច្នោះដែរ។ កាលជំនាន់កូវីដ សម្ដេចតេជោ ហ៊ុន សែណ ព្រមទទួលកប៉ាល់ Wester Dam ដោយបេះដូង គុណធម៌ ខណៈដែលក្នុងនាមរដ្ឋអធិបតេយ្យ មានសិទ្ធិមិនឱ្យកប៉ាល់ចូល មនុស្សមិនឱ្យចុះ តែដោយសារជាមនុស្សដូចគ្នា ត្រូវតែគិតដល់មនុស្សធម៌ នេះជាទឹកចិត្ត វប្បធម៌ និងគុណធម៌របស់ប្រជាពលរដ្ឋខ្មែរ។
បច្ចុប្បន្ន នាវាទេសចរណ៍ Villa Vie Odyssey បានធ្វើដំណើរចាកចេញពីកម្ពុជាដោយសុវត្ថិភាព និងរលូនហើយ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីបានជាប់គាំងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយសប្តាហ៍។ ក្រុមអ្នកដំណើរអន្តរជាតិបានសម្តែងក្តីរំភើប និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ធំធេង និងភាពរួសរាយរាក់ទាក់របស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ វ៉ាន់






