ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា នៅតែបន្តរក្សាភាពមានប្រៀបខ្ពស់ជាងគេក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ទោះបីជាត្រូវក្រុមម្ចាស់ផ្ទះ Kitchee SC របស់ហុងកុង បានយកឈ្នះវិញ ដោយលទ្ធផល ២-១ យ៉ាងប្រកៀកប្រកិត នៅក្នុងជំនួបជើងទី២ នៃពានរង្វាន់ AFC Champions League Two (ACL2) 2026/27 នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលស្ថានភាពប្រកួតប្រជែងក្នុងពូលH កាន់តែឡើងកម្ដៅខ្លាំង បន្ទាប់ពីក្រុម Kuching City របស់ម៉ាឡេស៊ី បានបង្កការភ្ញាក់ផ្អើលយកឈ្នះក្រុមខ្លាំង Gangwon FC របស់កូរ៉េខាងត្បូង ២-០។

សម្រាប់ជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Mong Kok ដែលជាទឹកដីស្គាល់បរាជ័យលើកដំបូងរបស់ក្រុមភ្នំពេញក្រោន គឺការភ្លាត់របូតគ្រាប់បាល់ដ៏លឿន ត្រឹម ២នាទី បន្ទាប់ពីចាប់ផ្ដើមការប្រកួត ដែលរកបានដោយកីឡាករ Ruslan Mingazov ហើយកាន់តែលំបាក ក្រោយកីឡាករ កើត ពេជ្រ ទទួលបានកាតក្រហមនៅចុងវគ្គទី១ ដែលធ្វើឲ្យភ្នំពេញក្រោន សល់គ្នាត្រឹម ១០នាក់។ យ៉ាងណាមិញការខំប្រឹងរបស់ក្រុមសិង្ហក្រហម បានវាយបកគ្រាប់តាមស្មើវិញ ដោយកីឡាករ Guytho Mijland នៅនាទី៨៦ តែសោកស្ដាយនៅនាទីបន្ថែម កីឡាករទើបប្ដូរចូល Kendy Renato ក៏បានតែតបញ្ចូលទីផុតដៃអ្នកចាំទី អ៊ុំ វិចិត្រ នៅនាទី៩០+១ ជួយឲ្យក្រុម Kitchee ទទួលបានជ័យជម្នះវិញ ២-១ បន្ទាប់ពីរងបរាជ័យ ២-០ កាលពីជើងទី១ នៅទឹកដីកម្ពុជា។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើទៀតនោះ គឺការប្រកួតក្នុងពូលជាមួយគ្នា រវាងក្រុម Kuching City និងក្រុម Gangwon FC នៅថ្ងៃជាមួយគ្នា បន្ទាប់ពីជើងទី១ ក្រុមកូរ៉េខាងត្បូង បានយកឈ្នះ ១-០ ក្នុងដី តែបានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះរបស់ម៉ាឡេស៊ី ២-០ វិញ នៅជើងទី២ ដែលរកបានដោយកីឡាករ Safawi Bin Rasid នៅនាទី១៣ និងនាទី២០។
ជុំវិញលទ្ធផលទាំងអស់នេះ ពិសេសការបរាជ័យលើកដំបូងរបស់ភ្នំពេញក្រោន ទោះបីត្រូវខកខានឱកាសកក់កៅអីវគ្គបន្ដដោយស្វ័យប្រវត្តិ តែភ្នំពេញក្រោន នៅតែមានមានប្រៀបជាងគេ ដ្បិតពួកគេរក្សាបានកៅអីកំពូលតារាង និងមាន ៩ពិន្ទុ ពោលគឺត្រូវការត្រឹម ៣ពិន្ទុប៉ុណ្ណោះពី ២ប្រកួតចុងក្រោយ ដើម្បីឡើងវគ្គបន្ដ រួមជាមួយលទ្ធផលពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្ដែអ្វីដែលឡើងកម្ដៅ គឺការរកបានជ័យជម្នះលើកដំបូងរបស់ Kuching City បានធ្វើឲ្យពួកគេ ឡើងឈរលេខ៣ និងមាន ៤ពិន្ទុ ស្មើក្រុម Gangwon FC ដែលធ្លាក់មកឈរលេខ៤ ហើយតាមពីក្រោយក្រុមកំពុងឈរលេខ២ Kitchee ដែលមាន ៥ពិន្ទុក្នុងដៃ។
ស្របពេលក្រុមនីមួយៗ សល់ ២ប្រកួតក្នុងដៃ ខណៈពិន្ទុរវាងក្រុមឈរលេខ២ ដល់លេខ៤ មានគម្លាតត្រឹម ១ពិន្ទុបែបនេះ នឹងធ្វើឲ្យការប្រកួតប្រជែងចុងក្រោយឡើងកម្ដៅកាន់តែខ្លាំង ដ្បិតក្រុមទាំងអស់ សុទ្ធតែត្រូវទាមទារនូវជ័យជម្នះ ដើម្បីក្ដោបឱកាសប្រជែងកៅអីវគ្គបន្ដ ហើយក៏នឹងជះឥទ្ធិពលដល់ក្រុមភ្នំពេញក្រោន របស់កម្ពុជា ក្នុងស្វែងរកពិន្ទុបន្ថែមពីពួកគេ ដើម្បីធានាកៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះផងដែរ។ សម្រាប់ ២ប្រកួតចុងក្រោយរបស់ភ្នំពេញ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Kuching City នាថ្ងៃទី២៦ ខែវិច្ឆិកា និងចុងក្រោយជួបក្រុមភ្ញៀវ Gangwon នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា







