ពិព័រណ៍ផលិតផលខ្មែរ លើកទី២ ចាប់ផ្ដើមបើកចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលផលិតផលជាតិ និងក៏ជាការផ្ដល់ឱកាសដល់សិស្សានុសិស្ស និងនិស្សិត អាចសិក្សាឈ្វេងយល់ពីការបង្កើតថ្មីៗដែលជាស្នាដៃរបស់កូនខ្មែរ។

ក្នុងពេលទស្សនាពិព័រណ៍ផលិតផលខ្មែរ លើកទី២ នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ សិស្សានុសិស្សមកពីសាលារដ្ឋ និងឯកជន បានលើកឡើងថា ពួកគេមានការភ្ញាក់ផ្អើលនៅពេលឃើញផលិតផលជាច្រើនដែលជាស្នាដៃរបស់ខ្មែរ និងផលិតនៅក្នុងប្រទេស ខណៈផលិតផលខ្លះ ពួកគេមិនដែលដឹងថា ជាផលិតផលក្នុងស្រុកនោះទេ។

សិស្សានុសិស្សទាំងនោះ បានបន្ថែមថា ពិព័រណ៍នេះ ក្រៅតែពីជួយឲ្យពួកគេ បានស្គាល់ផលិតផលខ្មែរ ហើយចូលរួមគាំទ្រ ប៉ុន្តែក៏អាចឲ្យពួកគេបានសិក្សាឈ្វេងយល់ពីផលិតផលទាំងនោះ ទាំងគុណភាព ការប្រើប្រាស់ឲ្យបានត្រឹមត្រូវ គ្រឿងផ្សំផលិត ជាពិសេស ក៏ជាគ្រឹះ ឬជាឧទាហរណ៍មួយសម្រាប់ពួកគេអាចនឹងជ្រើសយកជំនាញអ្វីមួយជាតម្រូវការទីផ្សារ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏ជំរុញលើកទឹកចិត្តឲ្យមានឆន្ទៈផលិតផលិត ផលថ្មីៗ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” ក្រៅពីកម្មវិធីបើក ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅពេលរសៀលថ្ងៃទី៦ ខែវិច្ឆិកា នេះ ព្រឹត្តិការណ៍នេះ ក៏មានរៀបចំនូវវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ដូចជាវេទិកាសហគ្រិនភាព ក្រោមប្រធានបទ “សក្ដានុពលអាជីវកម្មនៅកម្ពុជា”, វេទិកា អ្នកផលិតមាតិកា ក្រោមប្រធានបទ “ការពង្រឹងស្មារតីជាតិ” និងវេទិកា សេដ្ឋកិច្ច ក្រោមប្រធានបទ “សក្ដានុពល SMEs ក្នុងសេដ្ឋកិច្ចជាតិ” ដោយវេទិកាទាំងអស់នេះ ប្រជាពលរដ្ឋ យុវជន និស្សិត និងសិស្សានុសិស្សអាចចូលរួមស្ដាប់ ដើម្បីជាចំណេះដឹងផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ









