ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ការរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ គឺជាឱកាសសំខាន់ក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីជំរុញការកែច្នៃផលិតផលកសិកម្ម និងបង្កើតទីផ្សារប្រកបដោយស្ថិរភាពសម្រាប់កសិករ ហើយ កសិករអាចមានទីផ្សារពីរច្រក គឺទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុកតាមរយៈការផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ។
លោក អាន តារា ប្រធានក្រុមប្រឹក្សាសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្ដិការអាល្លឺម៉ង់(GIZ) នឹងរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពីកម្ពុជាទៅកាន់ពិភពលោក» ដោយផ្តោតពិសេសលើការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអឺរ៉ុប។
លោកបានបញ្ជាក់ទៀតថា វេទិកាពាណិជ្ជកម្មនេះ មានការប្រមូលផ្តុំទៅដោយ កសិករ និងសហគមន៍ស្វាយចន្ទី និងម្រេច, អ្នកបញ្ជាទិញ, វិនិយោគិន, និងអ្នកជំនាញក្នុងវិស័យនេះ ដើម្បីឈ្វេងយល់ពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា និងជាការផ្គូរផ្គង់រវាងអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ ជាពិសេសពីតម្រូវការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
លោកអះអាងថា៖ «ការធានាស្ថិរភាពនៃការផ្គត់ផ្គង់គឺជាកត្តាសំខាន់សម្រាប់គាំទ្រដល់អ្នកកែច្នៃ និងអ្នកនាំចេញ ដោយសារការមានវត្ថុធាតុដើមគ្រប់គ្រាន់ និងជាប្រចាំ អាចជួយឱ្យរោងចក្រដំណើរការផលិតកម្មបានជាប់លាប់, បង្កើនសមត្ថភាពកែច្នៃក្នុងស្រុក, និងធានាការបំពេញតម្រូវការទីផ្សារអន្តរជាតិបានទាន់ពេលវេលា»។

ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការរៀបចំវេទិកានេះ ដោយផ្តោតលើដំណាំអាទិភាព ដូចជា ស្វាយចន្ទី និងម្រេច គឺមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ឱ្យចាប់អារម្មណ៍លើវិស័យទាំងនេះ និងជួយស្វែងរកទីផ្សារឱ្យកសិករ ពីព្រោះកសិករត្រូវការទីផ្សារពីរច្រក គឺទីផ្សារលក់វត្ថុធាតុដើមក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃ និងទីផ្សារនាំចេញ។ ការមានទីផ្សារទាំងពីរនេះ នឹងជួយឱ្យកសិករមានជម្រើសទីផ្សារកាន់តែច្រើន និងមិនជាប់គាំងដោយសារពឹងផ្អែកលើទីផ្សារតែមួយ។
អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «កសិករយើងតែងតែសង្ឃឹមថា មានរោងចក្រកែច្នៃស្វាយចន្ទី និងម្រេចក្នុងស្រុកកាន់តែច្រើនដែលវាមិនខុសពីជ័រកៅស៊ូនោះទេ ដែលកន្លងមកកម្ពុជានាំចេញ ១០០% តែឥឡូវយើងមានរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា ដែលនាំឱ្យកសិករដាំកៅស៊ូទាំងអស់គឺមានក្ដីសង្ឃឹមថា មានទីផ្សារពីរច្រក គឺ ទីផ្សារនាំចេញជ័រកៅស៊ូ និងទីផ្សារលក់ក្នុងស្រុកដែលផ្គត់ផ្គង់ដោយរោងចក្រផលិតសំបកកង់រថយន្តទាំងអស់នេះ។ ដូច្នេះ ស្វាយចន្ទី និងម្រេចដូចគ្នា យើងត្រូវការទីផ្សារទាំងពីរ ដែលយើងនឹងមិនអាចជាប់គាំងដោយសារទីផ្សារណាមួយទេ។ នេះជាចំណុចសំខាន់ណាស់»។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក និងសុន្ទរកថាគន្លឹះ ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ»៕




