លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មនៅកម្ពុជា បន្ទាប់ឯកអគ្គរដ្ឋទូតចាស់បានចាកចេញពីកម្ពុជាអស់រយៈពេលពីរឆ្នាំមកហើយនោះ។ បន្ទាប់ពីមកដល់ប្រទេសកម្ពុជាភ្លាម ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសមហាអំណាចរូបនេះប្រកាសថា នឹងពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកម្ពុជា និងអាមេរិកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
យោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតបានបញ្ជាក់ថា លោកគ្រីស្តូហ្វឺរ អ៊ែនដឺសឹននឹង ស្វែងយល់ និងស្គាល់កាន់តែច្បាស់អំពីប្រទេសកម្ពុជា និងប្រជាជនទាំងអស់ ខណៈពេលដែលលោកនឹងពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសយើងទាំងពីរ។
សូមបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានដំណើរការដោយអត់ឯកអគ្គរដ្ឋទូតជាច្រើនឆ្នាំដោយមានត្រឹមតែភារធារី បន្ទាប់ពីឯកអគ្គរដ្ឋទូតចាស់លោក ផាតទ្រីក មូហ្វី បានចប់អាណត្តិការងារខ្លួនតាំងពីឆ្នាំ២០២៤មកនោះ៕ អត្ថបទ៖ បាន ចក់