ប្រដាល់៖ ដោយសាររីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការប្រមូលផ្ដុំក្រុមជម្រើសជាតិ គ្រប់ប្រភេទកីឡាត្រូវបានពន្យាពេល រួមទាំងកីឡាប្រដាល់សកលផងដែរ ប្រការនេះបានធ្វើឲ្យសហព័ន្ធមានការព្រួយបារម្ភ ចំពោះការត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាចុងឆ្នាំ២០២១ នេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា មកទល់ពេលនេះ ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា នៅមិនទាន់បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់នោះទេ បន្ទាប់ពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យាពេលកាលពីថ្មីៗ ដោយសារវិបត្តិកូវីដ-១៩។ ដូច្នេះលោកហាក់បារម្ភខ្លាំង ស្របពេលការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម កាន់តែខិតជិតមកដល់ពោលគឺនៅខែវិច្ឆិកាចុងឆ្នាំនេះ។ លោក ប៊ុយ សុភ័ណ្ឌ រំពឹងថា ក្រសួងនឹងពិចារណាអនុញ្ញាតឲ្យក្រុមជម្រើសជាតិ ធ្វើការប្រមូលផ្ដុំនាពេលឆាប់ៗបន្ទាប់ពីកីឡាករ-កីឡាការិនីជម្រើសជាតិ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២លើករួចរាល់ ស្របពេលសហព័ន្ធមានគម្រោងស្នើសហព័ន្ធកីឡាប្រដាល់សកលអាស៊ី និងសមាគមកីឡាប្រដាល់សកលអន្ដរជាតិ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីទៅប្រកួតជើងឯកអាស៊ី និងស្នើសុំហ្វឹកហាត់ក្រៅស្រុកត្រៀមស៊ីហ្គេមផងដែរ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិនេះដែរ តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា កំពុងធ្វើការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាជាតិ ដើម្បីស្វែងរកដំណោះស្រាយក្នុងការប្រមូលផ្ដុំឡើងវិញ ទៅទីលានដែលមានសុវត្ថិភាព ហើយធ្វើការប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទទ្វារ។ គួរដឹងថា មកទល់ពេលនេះការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលវៀតណាមទទួលសិទ្ធធ្វើម្ចាស់ផ្ទះនាចុងឆ្នាំ២០២១ នេះគឺសល់ពេលប្រមាណ ៨ខែទៀតប៉ុណ្ណោះ ប៉ុន្ដែក្រុមជម្រើសជាតិកម្ពុជា ពុំទាន់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់នោះទេ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលនាំឲ្យផែនការហ្វឹកហាត់ប្រមូលផ្ដុំជម្រើសជាតិ ត្រូវបានពន្យាពេល។ ប៉ុន្ដែបច្ចុប្បន្នស្ថាប័នជំនាញ បាននឹងកំពុងពិភាក្សាដោះស្រាយបញ្ហានេះ ដើម្បីពង្រឹងការហ្វឹកហាត់ត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាម ដែលជាស៊ីហ្គេមយុទ្ធសាស្ដ្រឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានេះ៕
អត្ថបទ៖ លី ឈុនឡា