សិប្បកម្មខ្មែរនៅព្រំដែន ប្ដេជ្ញាចិត្ត បន្តឈរជើងបង្កើតការងារ ពង្រឹងសេដ្ឋកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋបន្តរស់នៅអចិន្រ្ដៃយ៍ ចូលរួមការពារព្រំដែន ទឹកដីដូនតាន។

លោក ស៊ឹម ម៉េងទ្រី ស្ថាបនិកសិប្បកម្មខ្មែរ កែច្នៃផលិតផលពីរុក្ខជាតិធម្មជាតិ នៅក្នុងខេត្តប៉ៃលិន ប្រាប់ BTV នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាស ដែលលោកនាំយកផលិតផលមកតាំងបង្ហាញក្នុងកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ថា សិប្បកម្មរបស់លោក បើទោះបីជាព្រំដែនជាមួយប្រទេសជិតខាងបានបិទ ព្រោះសង្រ្គាមឈ្លានពាន តែលោកនៅតែបន្តដំណើរការសិប្បកម្ម។ លោកប្រាប់ ថា ការបន្តដំណើរការសិប្បកម្មនេះ ក៏ដោយសារលោកចង់បង្កើតការជូនពលរដ្ឋមូលដ្ឋាន និងពលករដែលវិលពីប្រទេសឈ្លានពានផង និងដើម្បីឱ្យពលរដ្ឋរស់នៅលើទឹកដីកំណើត ធ្វើជារបងរស់ នៅចូលរួមការពារទឹកដីដូនតា។

ប្រជាពលរដ្ឋ ដែលមកចូលរួមពិព័រណ៌ផលិតផលខ្មែរ នៅថ្ងៃទី២ នៃពិព័រណ៍នេះ បានប្រាប់ថា ពួកគាត់សរសើរ និងលើកទឹកចិត្តដល់រោងចក្រ សហគ្រាសខ្មែរ បន្តឈរជើងបង្កើតការងារនៅតាមព្រំដែន ដើម្បីឱ្យប្រជាជនមូលដ្ឋាន មានការងារធ្វើ ដោយមិនចាំបាច់ចំណាកស្រុក។ ពួកគាត់ប្ដេជ្ញាបន្តគាំទ្រគ្រប់ផលិតផលខ្មែរ ពិសេសផលិតផលមកពីព្រំដែន។

សូមរំឭកថា ប្រទេសថៃ បានបិទព្រំដែនគោក ជាឯកតោភាគី កាលពីខែមិថុនា ឆ្នាំ២០២៥ និងបង្កអរិភាពតាមព្រំដែនជាបន្តបន្ទាប់ និងបើកការឈ្លានពានកម្ពុជា ចំនួន ២លើកកាលពីខែកក្កដា និងខែធ្នូ។ បើទោះបីប្រទេសថៃ បិទព្រំដែន និងឈ្លានពានលើអធិបតេយ្យកម្ពុជា ប៉ុន្ដែកម្ពុជានៅតែឈរជើងរឹងមាំ ដោយកម្លាំងរួបរួមជាតិ សហគ្រិនខ្មែរ បានបង្កើតរោងចក្រ សហគ្រាស សិប្បកម្ម ផលិតផលខ្មែរជាបន្តបន្ទាប់។ ហើយមកដល់ពេលនេះ សន្ទុះនៃការគាំទ្រផលិតផលខ្មែរ កើនឡើងជាលំដាប់។ ហើយក្នុងបំណងជំរុញ បំផុសការគាំទ្រផលិតផលខ្មែរ ឱ្យកាន់តែខ្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជរាធានីភ្នំពេញ ដោយមានផលិតផលខ្មែររាប់ពាន់ត្រូវបានយកមកតាំងបង្ហាញ៕ អត្ថបទ៖ លៀ ស៊ីណា
