ប្រជាពលរដ្ឋខ្មែរ ស្ដាត់មកពីបណ្ដាខេត្តជាច្រើន ដើម្បីចូលរួមពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ គាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងឯករាជ្យសេដ្ឋកិច្ចជាតិ ក្នុងស្មារតីសាមគ្គី និងរួបរួមជាតិ។

ប្រជាពលរដ្ឋខ្មែរ មកពីខេត្តកណ្ដាលដែលមកចូលរួម កម្មវិធីពិព័រណ៍ផលិតផលខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រាប់ BTV ថា ពួកគាត់ទោះរស់នៅខេត្ត ប៉ុន្ដែពួកគាត់ត្រូវតែមកចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរនេះ ដើម្បីលើកទឹកចិត្តដល់សហគ្រិនជាអ្នកផលិត ឱ្យបន្តខិតខំផលិតឱ្យកាន់តែល្អលើគុណភាព ដើម្បីប្រទេសជាតិឈប់ពឹងផ្អែកលើផលិតផលបរទេស។ ពួកគាត់អំពាវនាវដល់ពលរដ្ឋនៅទូទាំងប្រទេស បន្តស្មារតីសាមគ្គីជាតិ គាំទ្រផលិតផលក្នុងស្រុកឱ្យផុលផុសទៅមុខទៀត ហើយអ្នកផលិតសូមបន្តពង្រឹងគុណភាពឱ្យកាន់តែល្អ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។

ក្រុមសហគ្រិន បានប្រាប់ ថា ពួកគាត់អរគុណសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំឱ្យមានកម្មវិធីពិព័រណ៍ផលិតផលខ្មែរនេះឡើង។ លោកគាត់ ថា ពិព័រណ៍នេះ គឺជាឱកាសដ៏ធំសម្រាប់ពួកគាត់ ក្នុងការបើកបង្ហាញផលិតផលទៅកាន់ប្រជាពលរដ្ឋ។ ហើយចាប់តាំងពីថ្ងៃទី១ នៃការតាំងពិព័រណ៍នេះ គឺមានពលរដ្ឋជាច្រើនមកទិញផលិតផលរបស់ពួកគាត់ ដែលនេះគឺជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់ពួកគាត់។ ក្រុមសហគ្រិន ប្ដេជ្ញាបន្តខិតខំអភិវឌ្ឍផលិតផលឱ្យកាន់តែល្អលើគុណភាព។
សូមជម្រាបជូន ថា សហភាពសហ័ពន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ដែលជាឆ្នាំទី២ នៅក្នុងគោលបំណងជំរុញការគាំទ្រផលិតផលខ្មែរ ក្នុងស្មារតីសាមគ្គីជាតិ។ កម្មវិធីពិព័រណ៍នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ៕ អត្ថបទ៖ លៀ ស៊ីណា










