ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចាត់វិធានការលើទីតាំងសង្ស័យចំនួន ៩៧២កន្លែង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥៦៨ករណី។ ជាលទ្ធផល ជនសង្ស័យចំនួន ៥,០៣២នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នរង់ចាំការអនុវត្តនីតិវិធីរបស់តុលាការ ខណៈជនបរទេសចំនួន ២៣,៧៦០នាក់ មាន៣៨សញ្ជាតិ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសដើមវិញ។ បន្ថែមពីនេះ ប្រាក់ក្នុងគណនីធនាគារចំនួនជាង ៣០០លានដុល្លារ រួមទាំងទ្រព្យសម្បត្តិចលន និងអចលនទ្រព្យតម្លៃរាប់រយលានដុល្លារផ្សេងទៀត ត្រូវបានបង្កក និងឈានទៅអនុវត្តនីតិវិធីរឹបអូសតាមច្បាប់ជាធរមាន។
ការបញ្ជាក់នេះធ្វើឡើងក្នុងបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិនានាស្តីពី “វឌ្ឍនភាព និងផែនការបន្តសម្រាប់ការប្រយុទ្ធប្រឆាំងនឹង Online Scams “ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអន្តរជាតិទាំងអស់ និងបានអំពាវនាវឱ្យបណ្តាប្រទេសជាដៃគូ អង្គការ សារព័ត៌មានជាតិ-អន្តរជាតិ បន្តជួយផ្តល់ព័ត៌មាន តម្រុយ និងភស្តុតាងជាក់ស្តែងមកអាជ្ញាធរកម្ពុជា ដើម្បីរួមគ្នាបង្រ្កាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីកម្ពុជា៕ អត្ថបទ : វង្ស សុភាព





