ស៊ីហ្គេម៖ ប្រតិភូ និងអត្តពលិកកម្ពុជា ១៣ប្រភេទកីឡាទៀតហើយ ដែលបានត្រឡប់មកដល់មាតុភូមិដោយសុវត្ថិភាពកាលពីល្ងាចថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

អត្តពលិកកម្ពុជាដែលទើបត្រឡប់មកដល់មាតុភូមិនេះ រួមមានកីឡាកាយសម្ព័ន្ធនាំមកជាមួយនូវមេដាយប្រាក់ ៣ និងសំរឹទ្ធ ១គ្រឿង, កីឡាករប្រដាល់សកលឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៣គ្រឿង។ កីឡាហែលទឹក យូដូ និងកីឡាបាល់ទះក្នុងសាល នាំមកជាមួយនូវមេដាយសំរឹទ្ធ ១គ្រឿងក្នុងមួយប្រកីឡាដូចគ្នា។ រីឯប្រតិភូ និងអត្តពលិកកីឡា ៧ប្រភេទផ្សេងទៀតរួមមានកីឡាអេឡិចត្រូនិច, កីឡាបាញ់កាំភ្លើង, បាល់បោះ, កីឡាទោចក្រយាន, កីឡាលើកទម្ងន់, កីឡាវាយសី និងកីឡាវាយកូនបាល់ ដែលមានប្រតិភូ និងអត្តពលិកសរុបទាំងចំនួន ១០៤នាក់។ ក្រោយត្រឡប់មកដល់មាតុភូមិ អត្តពលិក ២ប្រភេទកីឡាដែលទើបបំបែកកំណត់ត្រាឈ្នះមេដាយលើកដំបូងនៅស៊ីហ្គេម គឺកីឡាករ-កីឡាការិនីកាយសម្ព័ន្ធ និងហែលទឹកបានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលបានរួមចំណែកដណ្ដើមមេដាយជូនជាតិ ហើយពួកគេបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្ដើមមេដាយឲ្យកាន់តែប្រសើរ ពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយបានបិទបញ្ចប់ជាផ្លូវការកាលពីយប់ថ្ងៃទី២៣ ខែឧសភា ហើយនៅថ្ងៃទី២៤ ខែឧសភានេះ ប្រតិភូ និងអត្តពលិកកម្ពុជាទាំងអស់ដែលនៅសេសល់ នឹងត្រឡប់មកមាតុភូមិវិញក្រោមការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC អមជាមួយទង់ស៊ីហ្គេម ដែលនឹងត្រូវរៀបចំពិធីដង្ហែពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ និងបញ្ចប់នៅទីស្នាក់ការ NOCC ដើម្បីបញ្ជាក់ថា ស៊ីហ្គេមបានទៅដល់កម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា