ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាទទួលយកព័ត៌មានពាក់ព័ន្ធនឹងវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើបុគ្គល និងនីតិបុគ្គលដែលពាក់ព័ន្ធនឹងបណ្តាញ Prince Group ដោយកម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ដោយកសាងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិ (រួមមាន FBI និង Interpol) ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋជនឆ្លងដែនទាំងនេះឱ្យដល់ឫសគល់។ ការបញ្ជាក់នះធ្វើឡើងក្នុងបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិនានាស្តីពី “វឌ្ឍនភាព និងផែការបន្តសម្រាប់ការប្រយុទ្ធប្រឆាំងនឹង Online Scams “ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ទៀតថា លើសពីនេះ សមត្ថកិច្ចបាននិងកំពុងបើកការស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុ ការបិទបាំងប្រភពទ្រព្យសម្បត្តិ ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (Cryptocurrency) និងកាស៊ីណូដែលបន្លំធ្វើអាជីវកម្មល្បែងស៊ីសងអនឡាញ។ ជាលទ្ធផល ក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ អាជ្ញាធរបានដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១៨ ដែលមានការជាប់ពាក់ព័ន្ធនឹងបណ្តាញ Prince Group របស់ Chen Zhi និង លី គួង និងបានព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១០ ផ្សេងទៀត៕ អត្ថបទ ៖ វង្ស សុភាព

