ភ្ញៀវបរទេសដែលមករស់នៅ និងធ្វើការនៅកម្ពុជា បង្ហាញការស្ញើចសរសើរ ចំពោះការរីកចម្រើន របស់ផលិតផលខ្មែរដែលមានទាំងសោភ័ណ្ឌភាព និងគុណភាព។
ភ្ញៀវបរទេសដើមកំណើតអាមេរិក ដែលមករស់នៅ និងធ្វើការនៅកម្ពុជា បានប្រាប់ BTV នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ពួកគេ ពេញចិត្តប្រទេសកម្ពុជា ដែលផ្ដល់ភាពកក់ក្ដៅសម្រាប់ជនបរទេសមកលេងកម្សាន្ដ និងស្នាក់នៅដើម្បីបំពេញការងារ។ ហើយសម្រាប់ផលិតផលខ្មែរ ពួកគេស្ញើចសរសើរ ដែលមានសន្ទុះអភិវឌ្ឍលឿនខ្លាំង ក្នុងរយៈមួយជាងមួយឆ្នាំចុងក្រោយនេះ។ ពួកគេកត់សម្គាល់ថា ផលិតផលខ្មែរ រីកចម្រើនខ្លាំង ប្រកបដោយគុណភាព ហើយពួកគេជឿជាក់ថា តាមរយៈការខិតខំសិក្សាអភិវឌ្ឍ ផលិតផលខ្មែរ នឹងកាន់តែរីកចម្រើនទៅថ្ងៃខាងមុខ។

លោក Denny និងភរិយាឈ្មោះ Joly ជាពលរដ្ឋអាមេរិក បានមករស់នៅកម្ពុជាអស់រយៈពេលមួយឆ្នាំហើយ។ លោកនិងភរិយា មកប្រទេសកម្ពុជា ដើម្បីធ្វើការលើផ្នែកថែទាំសុខភាព។ លោកសប្បាយចិត្តដែលបានមករស់នៅកម្ពុជា ពីព្រោះជាប្រទេសដែលស្រស់ស្អាត សំបូរតំបន់ទេសចរណ៍ធម្មជាតិ ពិសេសគឺប្រជាជនមានភាពរស់រាយ និងចិត្តល្អ។ ហើយនៅថ្ងៃនេះ លោកបានមកចូលរួមកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដើម្បីទិញទំនិញចាំបាច់មួយចំនួសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ជាការកត់សម្គាល់របស់លោក ផលិតផលខ្មែរ អភិវឌ្ឍន៍លឿន ក្នុងរយៈពេលជាងមួយឆ្នាំនេះ ផលិតផលជាច្រើនត្រូវបានផលិតឡើង។ លោក ថា ផលិតផលដែលផលិតមក ទោះបីជារីកដុះដាលលឿន តែគុណភាពមិនចាញ់ផលិតផលបរទេសនោះឡើយ។

លោក Andy ពលរដ្ឋអាមេរិកមួយរូបទៀត បានប្រាប់ ថា លោកមករស់នៅ និងធ្វើការនៅកម្ពុជា បានមួយឆ្នាំជាងហើយ។ លោកមើលឃើញ ថា ផលិតផលខ្មែរបច្ចុប្បន្ននេះមានច្រើនប្រភេទណាស់។ សម្រាប់រូបលោក និងមិត្តស្រី ចូលចិត្តត្រីងៀត ពីព្រោះងាយចម្អិន និងមានរសជាតិឆ្ងាញ់។ សម្រាប់រូបលោក យល់ឃើញ ថា ការអភិវឌ្ឍផលិតផលខ្មែរ នឹងអាចរីកលូតលាស់កាន់តែខ្លាំងទៅថ្ងៃខាងមុខ ពីព្រោះប្រជាជនកម្ពុជា មានភាពប៉ិនប្រសព្វក្នុងការសិក្សារៀនសូត្រ។ ហើយតាមរយៈការប្រឹងប្រែងរៀនសូត្រនេះ លោកជឿថា ផលិតផលខ្មែរនឹងកាន់តែល្អទៅមុខទៀត។
សូមជម្រាបជូន ថា ផលិតផលខ្មែរនាពេលបច្ចុប្បន្ននេះ មានសន្ទុះ នៃការផលិតកើនឡើងខ្លាំង ដែលយោងតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ ថា គិតមកត្រឹមខែ កញ្ញា ឆ្នាំ២០២៦នេះ មានផលិតផលក្នុងស្រុកចំនួន ២,៦០០មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម ដែលចំនួនគឺមានការកើនឡើងជាលំដាប់ ខណៈកាលពីឆ្នាំ២០២៥កន្លងទៅ មានត្រឹមតែ ១.១០០មុខប៉ុណ្ណោះ។
ទន្ទឹមនិងផលិតផលក្នុងស្រុកមានការកើនឡើងខ្លាំងបែបនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវដល់ពលរដ្ឋអ្នកប្រើប្រាស់ ផ្សារទំនើប អ្នកលក់ដុំ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្ដល់អាទិភាពដល់ផលិតផលខ្មែរដែលមានគុណភាព។ សម្ដេចសង្កត់ធ្ងន់ ថា ការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយដល់ម្ចាស់សហគ្រាសផលិតនោះទេ តែក៏ជាការជួយរក្សាការងារ បង្កើតចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចជាតិថែមទៀតផង៕ អត្ថបទ ៖ លៀ ស៊ីណា


