ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកជំនួយស្បៀងរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួនជិត ៣ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងក្រុមការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ជំនួយស្បៀងបានទាន់ពេលវេលា។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តជួយគាំទ្រប្រជាពលរដ្ឋរងគ្រោះ តាមរយៈការផ្តល់ស្បៀងអាហារ និងចែកស្រូវពូជដល់កសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី













