អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង រាយការណ៍ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក៏ជាកិច្ចការដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលរៀបចំធ្វើយ៉ាងសកម្ម និងឥតដាច់។

ឯកឧត្តមអ្នកនាំពាក្យ ថ្លែងថា ជាក់ស្តែង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(AOT-KH)បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព នៅស្ពានស្ទឹងមេទឹក ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានរងការវាយប្រហារដោយយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យដាច់ទាំងស្រុង និងមិនអាចចរាចរណ៍ទៅមកបានឡើយ។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាក៏បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតំបន់ច១ដែលនៅទីនោះ យោធាថៃបានរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានរុសទៅមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់។ នៅថ្ងៃដដែល ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាក៏បានចុះទៅតំបន់ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលយោធាថៃ បានវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រចំនួន៥២គ្រឿង ដើម្បីកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ សកម្មភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ នៅទីនោះ កងកម្លាំងថៃក៏បានសាងសង់បង្គោលទង់ជាតិថ្មីចំនួន០២ បន្តសាងសង់ផ្លូវ និងកែលម្អលេណដ្ឋានថ្មី ព្រមទាំងបានជីកប្រឡាយឱ្យកាន់តែជ្រៅថែមទៀត។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជាក៏បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួននៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយឈរលើគោលការណ៍នៃការគោរពគ្នានិងការជឿទុក ចិត្តទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ការគូសបញ្ជាក់បែបនេះបានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍វាសនារួម៖ការចាប់ផ្តើមជំពូកថ្មីសម្រាប់ មេគង្គ-ឡានឆាង២.០»ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ឯកឧត្តមបន្តថា នៅរដ្ឋធានីប៉េកាំង ក៏មានកិច្ចសន្ទនាពិសាតែជាមួយគ្នារវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជានិងថៃ ដោយភាគីទាំងបីបាន ផ្លាស់ប្តូរទស្សនៈប្រកបដោយស្ថាបនា និងមិត្តភាព អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជានិងថៃ។ ដោយឡែកក្នុងជំនួបទ្វេភាគីរវាងប្រមុខការទូតកម្ពុជា-ចិន ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕








