ប្រជាពលរដ្ឋវ័យចំណាស់ បង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះសន្ទុះ នៃការអភិវឌ្ឍផលិតផលក្នុងស្រុក ដែលមានផលិតផលជាច្រើនប្រភេទ កូនខ្មែរអាចផលិតបានដោយខ្លួនឯង។

លោកយាយ ទួន សេង មានស្រុកកំណើតនៅខេត្តព្រៃវែង និងកំពុងរស់នៅរាជធានីភ្នំពេញបានប្រាប់ BTV ថា លោកស្រី បានឃើញលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក្នុងទូរទស្សន៍កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកកម្មវិធីពិព័រណ៍ផលិតផលខ្មែរ។ ហើយលោកស្រី ក៏បានប្រាប់ឱ្យកូនជូនមក ដើម្បីមកមើលពីផលិតផលខ្មែរ។ លោកស្រី ថា នេះគឺជាលើកទី១ ដែលបានមកឃើញផលិតផលរបស់ខ្មែរច្រើនបែបនេះ។ លោកស្រីសប្បាយចិត្តដែលប្រទេសជាតិអភិវឌ្ឍកាន់តែជឿនលឿន ហើយអាចផលិតផលរបស់ខ្លួនឯងបែបនេះ។

លោកយាយ សុខ ចន្ថា មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នមករស់នៅរាជធានីភ្នំពេញ បានប្រាប់ ថា លោកស្រីនៅពេលដែលប្រទេស ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រំដោះពីរបប ប៉ុល ពត លោកស្រីមិននឹកស្មាន ថា អាចមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះទេ។ ការដែលមិននឹកស្មាន ក៏ព្រោះថា ពេលនោះប្រទេសជាតិក្រណាស់ ចេញពីសង្រ្គាមមកគ្មានអ្វីទាំងអស់។ ប៉ុន្ដែក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រទេសមានការអភិវឌ្ឍ ហើយអាចជំរុញការផលិតក្នុងស្រុកយ៉ាងល្អបែបនេះ។

លោកស្រី ឆវី អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក បានប្រាប់ ថា លោកស្រីមកលេងកូនដែលរស់នៅរាជធានីភ្នំពេញ។ ហើយក៏ចំពេលយ៉ាងល្អ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ។ លោកស្រី សង្កេត់ឃើញថា ផលិតផលខ្មែរ បច្ចុប្បន្ននេះល្អយ៉ាងខ្លាំង បើធៀបកាលពី ១០ឆ្នាំមុន។ លោកសង្កត់ធ្ងន់ ថា ការដែលខ្មែរ មានផលិតផលខ្លួនឯង គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងឯករាជ្យជាតិ មិនថា ប្រទេសណាចង់បិទខ្ទប់ទំនិញ ក៏ខ្មែរមិនខ្វះខាតទំនិញផ្គត់ផ្គង់នោះឡើយ។ អាណិកជនខ្មែររូបនេះ សំណូមពរដល់ពលរដ្ឋចូលរួមឱ្យខ្លាំងក្លាបន្ថែមទៀត គាំទ្រផលិតផលជាតិ ជួយជ្រោងសេដ្ឋកិច្ចពលរដ្ឋក្នុងស្រុកដើម្បីការអភិវឌ្ឍជាតិ។ ហើយចំណុចសំខាន់ ដែលលោកស្រី ទទូចដល់ពលរដ្ឋ គឺសាមគ្គីភាព ត្រូវតែរក្សាឱ្យម៉ឺងម៉ាត់ ពីព្រោះមានតែសាមគ្គីភាពនេះប៉ុណ្ណោះ ទើបអាចជួយការពារប្រទេសជាតិ មិនឱ្យសត្រូវណាហានឈ្លានពានយើង។
សូមជម្រាបជូន ថា នៅក្នុងគោលបំណងជំរុញ ការគាំទ្រផលិតផលក្នុងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំ កម្មវិធី ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ ខ្មែរធ្វើបាន ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់៕ អត្ថបទ៖ លៀ ស៊ីណា








