រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ក្រុង Moscow នឹងពិចារណាសំណើពីលោកខាងលិចក្នុងការស្ដារទំនាក់ទំនងឡើងវិញ និងពិចារណាថា តើរឿងនោះវាចាំបាច់ដែរ ឬអត់ ប៉ុន្តែនឹងផ្ដោតលើទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយប្រទេសចិន។
នៅក្នុងអំឡុងសួរសំនួរ និងចម្លើយនៅព្រឹត្តិការណ៍មួយក្នុងទីក្រុង Moscow លោក Sergei Lavrov បាននិយាយថា បណ្ដាប្រទេសលោកខាងលិចបានដុតបញ្ឆេះឲ្យមានជំងឺខ្លាចរុស្ស៊ី ចាប់តាំងពីរុស្ស៊ីបើកការវាយលុកចូលអ៊ុយក្រែន ដែលក្រុង Moscow ហៅថាជាប្រតិបត្តិការសឹកពិសេស។ លោកថា រុស្ស៊ីកំពុងធ្វើការដើម្បីជំនួសទំនិញដែលត្រូវបាននាំចូលពីបណ្ដាប្រទេសលោកខាងលិច ហើយនៅពេលខាងមុខនឹងពឹងផ្អែកលើតែបណ្ដាប្រទេសដែលអាចទុកចិត្តបាន ដោយមិនសម្លឹងលើលោកខាងលិចទេ។
លោក Lavrov បានបង្ហាញការសោកស្ដាយជាមួយបណ្តាប្រទេសលោកខាងលិច ដែលលោកបាននិយាយថា បានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរគោលកានៃទំនាក់ទំនងអន្តរជាតិ ចំពោះការធ្វើឲ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ី។ លោកបាននិយាយថា យើងត្រូវតែបញ្ឈប់ការពឹងផ្អែកតាមមធ្យោបាយណាមួយ លើការផ្គត់ផ្គង់អ្វីៗគ្រប់យ៉ាងពីលោកខាងលិច ដើម្បីធានាការអភិវឌ្ឍវិស័យសំខាន់ៗសម្រាប់សន្តិសុខ សេដ្ឋកិច្ច ឬសង្គមនៃមាតុភូមិដ៏សំខាន់របស់យើង៕
អត្ថបទ៖ សុខមាន