ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។
ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីប្រទានភ្លើងទៀនជ័យពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះ។
បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី៩ ខែវិច្ឆិកានេះ នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមកពីតាមបណ្តាក្រសួងស្ថាប័ននានា បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យផងដែរ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង។
ពិធីនេះបានបង្ហាញពីស្មារតីស្នេហាជាតិ និងការចងចាំមិនភ្លេចចំពោះព្រះមហាករុណាទិគុណរបស់ព្រះបរមរតនកោដ្ឋ ព្រមទាំងវីរភាពរបស់បុព្វបុរស និងវីរជនខ្មែរគ្រប់ជំនាន់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ការតបស្នងសងគុណ នៃការដាក់កម្រងផ្កានៅវិមានឯករាជ្យ មិនត្រឹមតែជាពិធីផ្លូវការ ឬជាទម្លាប់ប្រពៃណីនោះទេ ប៉ុន្តែវាជានិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅនៃការតបស្នងសងគុណ យ៉ាងជ្រាលជ្រៅដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីជីវិត និងលះបង់គ្រប់បែបយ៉ាងក្នុងភារកិច្ចការពារ និងកសាងជាតិមាតុភូមិ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្មារតីអប់រំ និងរំឭកដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យចងចាំថា ឯករាជ្យភាព និងការបន្តថែរក្សាសន្តិភាព សេរីភាពដែលយើងទទួលបានមកនេះ គឺបានមកតាមរយៈការលះបង់ដ៏ធំធេង។ ដូច្នេះការបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍ គឺជាកាតព្វកិច្ច និងជាបេសកកម្មដ៏ពិសិដ្ឋរបស់កូនខ្មែរគ្រប់រូបជំនាន់ក្រោយ៕
















