តំណែងក្លិបមិនទាន់ស្គាល់ពាក្យចាញ់ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សល់តែ ១ក្លិបប៉ុណ្ណោះ គឺក្លិបព្រះខ័នរាជស្វាយរៀង ក្រោយវាយបកឈ្នះណាហ្គាវើលដ៏ ស្របពេលអង្គរថាយហ្គឺរ បានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់វិសាខា ដោយលទ្ធផល ៣-១ ដូចគ្នា គ្រាដែលក្រុមបឹងកេត បានរំកិលឡើងជិតតំបន់ ៦ក្រុមកំពូលតារាង ឬ Top-6 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-១។

សម្រាប់ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានស្វាយរៀង ណាហ្គាវើលដ៏ បាននាំមុខ ១គ្រាប់មុនលើក្រុមម្ចាស់ផ្ទះ ដែលរកបានដោយកីឡាករ Bernardo នៅនាទីទី១០ ប៉ុន្ដែចូលវគ្គទី២ ព្រះខ័នរាជស្វាយរៀង បានវាយបក ៣គ្រាប់វិញជាបន្ដបន្ទាប់ ដោយកីឡាករ Peprah Kwame នៅនាទី៤៩ និងនាទី៥៦ និងមិត្តរួមក្រុម Tiago Alves នៅនាទី៦១។ ជ័យជម្នះនេះ បានជួយឲ្យក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង រក្សានាមក្លិបមិនទាន់ស្គាល់ចាញ់តែមួយគត់ ស្របពេលណាហ្គាវើលដ៏ ទើបរងបរាជ័យលើកដំបូង។

ចំណែកជំនួបដ៏ក្ដៅគគុកនៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ក្លិបអង្គរថាយហ្គឺរ បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមកំពូលតារាងវិសាខា ជាមួយដ៏លទ្ធផលដ៏ភ្ញាក់ផ្អើល ៣-១។ ការប្រកួតនេះ ក្រុមទាំងពីរ បានបើកការវាយសម្រុកគ្នាទៅវិញទៅតាំងពីដើមវគ្គទី១ ហើយកីឡាករ Mikahael Da motta Akatsuka បានរកគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី២៦ មុនកីឡាករ Pa Ousman Gai វាយបកគ្រាប់តាមស្មើឲ្យវិសាខា នៅនាទី៣៥ ហើយក៏ជាពេលវេលាខ្សែបម្រើប្រយុទ្ធសញ្ជាតិហ្គាំប៊ី ទទួលបានការពិន័យកាតក្រហម បន្ទាប់ពីការអបអរគ្រាប់បាល់ដោយការសើយអាវ ដើម្បីបង្ហាញការគោរព និងឧទ្ទិសដល់បងប្អូនរបស់ខ្លួន។

ដល់គ្នាត្រឹម ១០នាក់ទ ស្របពេលក្រុមខ្លាទឹកក្រូច កំពុងធ្វើបានល្អ ពួកគេមិនបានបន្ថយកម្ដៅដាក់សម្ពាធឡើយ ហើយ ៣នាទីក្រោយអវត្តមាន Pa Ousman Gai អង្គរថាយហ្គឺរ ក៏រកបានគ្រាប់បាល់នាំមុខជាថ្មី ដោយកីឡាករ Mensah Stephan Jerome នៅនាទី៤៣ មុនកីឡាករ Aguek Manyluak បន្ថែមគ្រាប់ទី៣ នៅនាទី៨៥ គ្រាដែលចុងម៉ោង វិសាខា សល់គ្នាត្រឹម ៩នាក់ ក្រោយកីឡាករ Lucas Tancler Ambiel រងពិន័យកាតលឿងលើកទី២ ស្មើនឹងកាតក្រហម នៅនាទី៨៨ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតផ្លូវការ។

ដោយឡែកក្រុមបឹងកេត ដែលជាក្រុមពិបាករកពិន្ទុនៅដើមរដូវកាល បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ២-១។ ការប្រកួតដ៏តានតឹងនេះ បឹងកេត រកបាន ២គ្រាប់មុនដោយកីឡាករ យ៉ើ ម៉ូស្លីម នៅនាទីទី៥ និង Bevan Myer Stefan Major នៅនាទី២៤ មុនភ្នំពេញក្រោន វាយបកបាន ១គ្រាប់វិញ ដោយកីឡាករ Feher Raul Mihai នៅនាទី៥៧ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។ ជ័យជម្នះនេះ បានធ្វើឲ្យបឹងកេត រំកិលពីលេខ៩ ឡើងទៅឈរលេខ៧ បណ្ដោះអាសន្ន ដោយមាន ៧ពិន្ទុ កៀកនឹងក្រុមលេខ៦ ឡាយហ្វខេត្តព្រះសីហនុ ដែលមាន ៨ពិន្ទុ។
ចំណែកលទ្ធផលការប្រកួត ២គូផ្សេងទៀត ក្នុងសប្ដាហ៍ទី៧ គឺក្រុមម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ បានវាយបកស្មើក្រុមឡាយហ្វខេត្តព្រះសីហនុ ២-២ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ ២គ្រាប់មុន នៅវគ្គទី១ ស្របពេលក្រុម អឹមអូអាយ កំពង់ដេវ៉ា បន្ដភាពខ្លាំង ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-១។
ឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៧សប្ដាហ៍កន្លងមក ទោះបីវិសាខា រងបរាជ័យលើកដំបូង តែពួកគេបានរក្សាកៅអីកំពូលតារាង ដោយមាន ១៦ពិន្ទុ ជាមួយលទ្ធផល ៧ប្រកួតឈ្នះ៥ ស្មើ១ និងចាញ់១ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង មាន ១៤ពិន្ទុ ជាមួយលទ្ធផល ៦ប្រកួតឈ្នះ៤ និងស្មើ២ និងណាហ្គាវើលដ៏ ឈរលេខ៣ មាន ១៤ពិន្ទុ ឆ្លងកាត់ ៧ប្រកួតឈ្នះ៤ ស្មើ២ និងចាញ់១ ។ រីឯអង្គរថាយហ្គឺរ បានបន្ដឈរលេខ៤ មាន ១១ពិន្ទុ, អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៥ មាន ១០ពិន្ទុ, ឡាយហ្វខេត្តព្រះសីហនុ ឈរលេខ៦ មាន ៨ពិន្ទុ, បឹងកេត ឈរលេខ៧ មាន ៧ពិន្ទុ, អាយអេសអាយ ដង្កោសែនជ័យ ឈរលេខ៨ មាន ៦ពិន្ទុ ស្មើក្រុមភ្នំពេញក្រោន ដែលឈរលេខ៩ លើក្រុមគិរីវង់សុខសែនជ័យ ឈរលេខ១០ មាន ៤ពិន្ទុ៕ អត្ថបទ លី ឈុនឡា
