ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា ឯកឧត្តមទ កែវ រ៉េមី បានបង្ហាញនូវមោទនភាពចំពោះការរីកចម្រើនរបស់កីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដោយមើលឃើញថា កីឡាករ កីឡាការិនី មានសមត្ថភាព និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ទាំងផ្នែកបច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង។

ក្នុងពិធីបិទ និងបំពាក់មេដាយជូនដល់ជ័យលាភី នៃការប្រកួតកីឡាជាតិ កាលពីម្សិលមិញ នៅអគារស្នាក់ការសហព័ន្ធយុវជនរាជធានីភ្នំពេញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITF កម្ពុជា បានគូសបញ្ជាក់ថា តាមរយៈពិនិត្យ និងតាមដានការប្រកួតក្នុងរយៈពេល៣ថ្ងៃកន្លងមក យើងអាចវាយតម្លៃថា ការរៀបចំការប្រកួតមានភាពរីកចម្រើន ហើយកីឡាករ កីឡាការិនីក៏បានបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនបានល្អប្រសើរ។ ឯកឧត្តម សង្កត់ធ្ងន់ថា វិន័យគឺជាកត្តាសំខាន់បំផុតសម្រាប់អត្តពលិក ព្រោះបើគ្មានវិន័យ ការអភិវឌ្ឍសមត្ថភាពកីឡាក៏មិនអាចឈានទៅរកភាពជោគជ័យបានឡើយ។

ទន្ទឹមនឹងនេះ សហព័ន្ធមានគម្រោងពិនិត្យ និងវាយតម្លៃចំពោះកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី និងមានសមត្ថភាព ស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើនចំនួនកីឡាករចូលក្នុងជម្រើសជាតិក្នុងឆ្នាំថ្មីព្រោះថាកម្ពុជានឹងគ្រោងធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូITFជើងឯកអាស៊ីលើកទី១២ នៅក្នុងឆ្នាំ២០២៨នាពេលខាងមុខ។
ដោយឡែកម្ចាស់មេដាយមាស វិញ្ញាសាប្រយុទ្ធ៥២គីឡូក្រាមកីឡាករ ហេងហៃ វ៉ិចទ័រ បង្ហាញថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ឆ្នាំនេះ មានភាពស្វិតស្វាញខ្លាំង ដោយកីឡាករដែលចូលរួមសុទ្ធតែមានសមត្ថភាព និងបច្ចេកទេសល្អៗ ជាពិសេសការវាយចេញ និងការធ្វើចលនារហ័ស។ កីឡាកររូបនេះបានដាក់ក្តីសង្ឃឹមថានឹងបានចូលរួមហ្វឹកហាត់ជាជម្រើសជាតិដើម្បីត្រៀមខ្លួនប្រកួតប្រជែងកីឡាតេក្វាន់ដូITFជើងឯកអាស៊ីលើកទី១២ នៅក្នុងឆ្នាំ២០២៨នាពេលខាងមុខ។
សូមបញ្ជាក់ថា កីឡាជាតិឆ្នាំនេះ ប្រភេទកីឡាតេក្វាន់ដូ ITF ប្រកួតចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា មានកីឡាករ កីឡាការិនី ចូលរួមពី រាជធានី-ខេត្ត និងក្រសួង ចំនួន១៣ក្រុមប្រកួតប្រជែងលើ១២វិញ្ញាសា ជាលទ្ធផល ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស៤ច្រើនជាងគេ៕







