ប្រជាពលរដ្ឋខ្មែរ នៅតែរលឹកដឹងគុណធំធេងបំផុតចំពោះព្រះវររាជបិតាជាតិខ្មែរ ឯករាជ្យភាពបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានទាមទារឯករាជ្យភាពជូនប្រទេសជាតិវិញអស់រយៈកាល ៧៣ឆ្នាំមកហើយ។

ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០២៦ គឺខួបគម្រប់៧៣ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យភាពពេញលេញ ក្រោយបារាំងបានដាក់អាណានិគមអស់រយៈពេល៩០ឆ្នាំ ពោលតាំងពីឆ្នាំ១៨៦៣មក។ ការទាមទារបានឯករជ្យជូនជាតិមាតុភូមិជាស្នាព្រះហស្តរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ប្រជាពលរដ្ឋ បង្ហាញសេចក្តីនឹករលឹកដឹងគុណដ៏ធំធេងបំផុតចំពោះព្រះរាជបូនីយកិច្ចដ៏ឧត្តុងឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ វររាជបិតាឯករាជ្យភាពបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានទាមទារយកឯករាជ្យភាពជូនជាតិ និងប្រជាជន ឲ្យរស់រានបានដោយឯករាជ្យពេញលេញ ពេញបរិបូរណ៍ មិនឋិតក្រោមការគ្រប់គ្រង ឬគៀកសង្កត់ពីជាតិសាសន៍ដទៃណាទៀត។ ហើយព្រះរាជបូនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ទ្រង់ គឺនឹងឋិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនកម្ពុជាទូទាំងប្រទេសជាដរាបតទៅ ។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាតែងប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ វិច្ឆិកា ដើម្បីជាការរំលឹកដល់ការទទួលបានឯករាជ្យពេញលេញបរិបូរណ៍ ។ សម្រាប់ថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចូលព្រឹត្តិការណ៍សំខាន់មួយបន្ថែមទៀត គឺថ្ងៃបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាដំបូង ខណៈថ្ងៃដដែលនេះ ក៏ជាខួប នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ៕ អត្ថបទ៖ លីហេង





