សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រកាសថា ប្រទេសចំនួន ២០ បានផ្ដល់កញ្ចប់ជំនួយសន្តិសុខថ្មីដល់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ីក្នុងកិច្ចប្រជុំសម្ព័ន្ធមិត្តកាលពីថ្ងៃចន្ទ។

ក្នុងការជួបជុំលើកទី២ របស់ក្រុមសម្ព័ន្ធមិត្តមានការចូលរួមពីប្រទេស និងអង្គការជិត ៤០ ដែលកំពុងបង្កើតក្រុមទំនាក់ទំនងការពារជាតិបានជួបពិភាក្សាផ្ដោតលើការជួយប្រទេសអ៊ុយក្រែន ហើយប្រទេសចំនួន ២០ បានសន្យាជួយខាងគ្រឿងសព្វាវុធ គ្រាប់រំសេវ និងការផ្គត់ផ្គង់ផ្សេងទៀតដើម្បីជួយគាំទ្រទីក្រុង Kyiv។ ក្រុមនេះត្រូវបានរាយការណ៍ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov ស្ដីពីស្ថានភាពបច្ចុប្បន្ននៃសង្គ្រាមរយៈពេល ៣ខែ ដែលភាគីទាំង២ កំពុងវាយប្រយុទ្ធគ្នានៅតាមសមរភូមិមុខ លើដែនដីដែលរុស្ស៊ីដណ្ដើមបានក្នុងភាគខាងកើត និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។ លោក Austin និយាយថា ប្រទេសជាច្រើនកំពុងបរិច្ចាគគ្រាប់កាំភ្លើងធំ ប្រព័ន្ធការពារដែនសមុទ្រ រថក្រោះ និងរថពាសដែកផ្សេងទៀតដែលជាតម្រូវការចាំបាច់បំផុត៕
អត្ថបទ៖ សុខមាន