គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានជួបប្រជុំពិភាក្សា និងធ្វើបទបង្ហាញពីវឌ្ឍនៈភាព ស្ដីពីកាត្រៀមរៀបចំព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកចំនួន ២ គឺពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ក្រោយទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
កិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណងឲ្យតំណាងក្រុមហ៊ុន បានធ្វើបទលម្អិតស្ដីពីផែនការត្រៀមរៀបចំការប្រកួតកីឡាវាយកូនហ្គោលលំដាប់ពិភពលោកចំនួន ២ គឺការប្រកួតពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship 2026 ដែលមានកីឡាករវាយកូនគោលអាជីពល្បីៗជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់អន្ដរជាតិធំៗ និងបុគ្គលមានឥទ្ធិពលជាច្រើនចូលរួមការប្រកួត ហើយព្រឹត្តិការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាវាយកូនគោ និងផ្សព្វផ្សាយពីសក្ដានុពល និងគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្ដៅរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក។
គួរដឹងថា ដោយមានកិច្ចសហការដ៏ល្អពីស្ថាប័ន Legends Tour ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត នឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកចំនួន ២ ដែលមានប្រាក់រង្វាន់សរុប ១.៤៥លានដុល្លារ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត តែមួយគត់ ក្នុងនោះការប្រកួត Vattanac Legends Championship 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ដុល្លារអាមេរិក និងការប្រកួត Vattanac Tour Championship 2026 គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ។ នេះគឺជាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត និងដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារអាមេរិក នៅទឹកដីកម្ពុជា៕ អត្ថបទ លី ឈុនឡា
