ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា មានប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួនជាង ១៥ម៉ឺននាក់ បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ។
ថ្លែងប្រាប់ BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងតែដំណើរការ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតក៏កំពុងតែមានសកម្មភាពមមាញឹកដូចគ្នា ដើម្បីរៀបចំចេញជាឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋដែលមានបញ្ហាបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ ដែលមិនអាចប្រើប្រាស់បានក្នុងពេលបោះឆ្នោត។
ឯកឧត្តម បន្តថា ការស្នើពីប្រជាពលរដ្ឋដម្បីទទួលឯកសារបញ្ជាក់អត្តសញ្ញាណបានធ្វើជាបន្តបន្ទាប់ ជាក់ស្តែង គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ហើយដែលទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខនេះ។
សូមជម្រាបជូនថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព។ ប្រសិនបើប្រជាពលរដ្ឋមិនទាន់មាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ ខូច អស់សុពលភាព បាត់ ឬកែតម្រូវ សាមីខ្លួនអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតពី គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ខណៈការស្នើសុំនេះមានរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ៖ សេក ឧត្តម