កេរដំណែលការទូតដ៏វៃឆ្លាតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ គឺជាគ្រឹះស្ថានដ៏រឹងមាំបំផុតដែលនាំឱ្យកម្ពុជាទទួលបានសិទ្ធិ និងភាពស្របច្បាប់ពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅរាជធានីភ្នំពេញ។ នេះបើតាម នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចសម្ភាសន៍ស្តីពី «កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា កាលពី ៥៨ឆ្នាំមុន គឺនៅឆ្នាំ១៩៦៩ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះករុណាបិតានៃយើង គឺសម្ដេចព្រះនរោត្តមសីហនុ កាលពីពេលនោះ ទ្រង់គង់នៅជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះអង្គបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអន្តរជាតិមួយធ្វើឡើងនៅទីក្រុងញ៉ាមេ (Niamey) ប្រទេសនីហ្សេរ (Niger) ហើយកិច្ចប្រជុំនេះ មានគោលដៅដើម្បីពិនិត្យមើលថា តើអាចប្រើមធ្យោបាយអ្វីខ្លះសម្រាប់ប្រទេសដែលប្រើភាសាបារាំងដូចគ្នានេះ នៅក្នុងការសហប្រតិបត្តិការជាមួយគ្នានៅក្នុងពិភពលោកមួយដែលពេលនោះចែកចេញជាពីរប្លុក ដែលពិភពលោកស្ថិតនៅក្នុងសង្គ្រាមត្រជាក់។
ឯកឧត្តមបន្តថា គំនិតដំបូងនៃការបង្កើត ស្ថាប័ន «ហ្វ្រង់កូហ្វូនី» គឺជាការធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកភាសា និងវប្បធម៌ ដោយយកភាសាបារាំងដើម្បីពង្រឹងនូវភាពចម្រុះនៃវប្បធម៌របស់ប្រទេសនានាដែលប្រើ ភាសាបារាំងនេះដូចគ្នា។ ប៉ុន្ដែមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៧០ នៅទីក្រុងញ៉ាមេ (Niamey) ប្រទេសនីហ្សេរ (Niger) ដដែល គឺអង្គការមួយត្រូវបានកើតឡើង ហៅថា ទីភ្នាក់ងារសហប្រតិបត្តិការ វប្បធម៌ និងបច្ចេកទេស ទីភ្នាក់ងារនេះ បានក្លាយទៅជា អង្គការអន្តរជាតិ «ហ្វ្រង់កូហ្វូនី» នៅឆ្នាំ ២០០៥ ដូចដែល ឃើញសព្វថ្ងៃនេះ។
ឯកឧត្តមបានឱ្យដឹងថា កាលពីឆ្នាំ២០០៥ មានរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន ៥៣ ហើយសព្វថ្ងៃនេះ អង្គការអន្តរជាតិ «ហ្វ្រង់កូហ្វូនី» មានសមាជិកជារដ្ឋ និងរដ្ឋាភិបាលចំនួន ៩០ ក្នុងនោះមាន ៥៣ ជាសមាជិកពេញសិទ្ធិ ៥ ជាសមាជិកបម្រុង និង ៣២ ជាសមាជិកសង្កេតការណ៍។ ប្រទេសជាសមាជិកទាំងអស់ គឺមកពីទ្វីពទាំង ៥ ។
ឯកឧត្តមបន្តថា ពីដំបូងឡើយ អង្គការនេះ ធ្វើត្រឹមតែកិច្ចសហប្រតិបត្តិការលើភ្នែកភាសា និងវប្បធម៌ ប៉ុន្ដែជាច្រើនឆ្នាំក្រោយមក អង្គការនេះ បានពង្រីកនូវបេសកកម្ម និងគោលដៅរបស់ខ្លួនដើម្បីឱ្យក្លាយទៅជាទីលំហរ ឬទីកន្លែងមួយដែលមិនត្រឹមតែសម្រាប់វិស័យអប់រំប៉ុណ្ណោះទេ តែជាកិច្ចសហការខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងការស្រាវជ្រាវផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃការបង្កើតស្ថាប័ន «ហ្វ្រង់កូហ្វូនី» (La Francophonie) នៅក្នុងសន្និសីទទីក្រុងញ៉ាមេ (Niamey Conference) កាលពីខែកុម្ភៈ ឆ្នាំ១៩៦៩ នៅប្រទេសនីហ្សេរីយ៉ា (ឬប្រទេសនីហ្សេ — Niger)។ ព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ និងចាត់ទុកព្រះអង្គជា «ព្រះបិតាស្ថាបនិកម្នាក់» (Founding Father) នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយប្រមុខរដ្ឋទ្វីបអាហ្វ្រិក ៣ រូបទៀត គឺលោក Léopold Sédar Senghor (ប្រធានាធិបតីសេណេហ្គាល់) លោក Habib Bourguiba (ប្រធានាធិបតីទុយនីស៊ី) និងលោក Hamani Diori (ប្រធានាធិបតីនីហ្សេ)៕



