អាជ្ញាធរជាន់ខ្ពស់ការពារដែនកោះតៃវ៉ាន់ លោក Wellington Koo បានប្រាប់ឱ្យដឹងនៅថ្ងៃអង្គារ (ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦) នេះថា ប្រទេសចិនកំពុងធ្វើសមយុទ្ធ «រារាំងមិនឱ្យចូលតំបន់» នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ ១គ្រឿង រួមជាមួយកងនាវាផ្សេងទៀត ដោយការលើកឡើងនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការកើនឡើងនៃសកម្មភាពរបស់ចិន។
ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួននោះ តែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងចូលទៅក្នុងដែនអាកាស និងដែនទឹកជុំវិញកោះនេះជាប្រចាំ។
កាលពីសប្តាហ៍មុន លោក Joseph Wu អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខកោះតៃវ៉ាន់ បានបង្ហោះព័ត៌មានលម្អិតនៅលើគណនីបណ្ដាញសង្គម X របស់លោក អំពីការដាក់ពង្រាយនាវាចិនជាង ១០០គ្រឿង ក្នុងនោះរួមទាំងនាវាកងទ័ពជើងទឹក និងនាវាឆ្មាំល្បាតឆ្នេរ ដែលកំពុងប្រតិបត្តិការនៅក្បែរកោះតៃវ៉ាន់ ក្នុងសមុទ្រចិនខាងត្បូង និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ស្ថាប័នការពារដែនកោះតៃវ៉ាន់ ក៏បានរាយការណ៍កាលពីសប្តាហ៍មុនផងដែរ អំពីការកើនឡើងយ៉ាងខ្លាំងនូវចំនួនយន្តហោះរបស់កងទ័ពអាកាសចិន នៅជុំវិញកោះតៃវ៉ាន់ ទោះបីជាចិនមិនបានប្រកាសជាផ្លូវការ អំពីការធ្វើសមយុទ្ធណាមួយក៏ដោយ។ នៅឯស្ថាប័នអង្គនីតិបញ្ញត្តិ លោក Koo បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសចិនពិតជាបានធ្វើសមយុទ្ធរារាំងមិនឱ្យចូលទៅកាន់តំបន់ នៅប៉ាស៊ីហ្វិកខាងលិច ដោយមានក្រុមនាវាផ្ទុកយន្តហោះ Liaoning និងកងនាវាហ្វឹកហ្វឺនផ្សេងទៀតចូលរួម»។
យុទ្ធសាស្ត្រ «រារាំងមិនឱ្យចូលទៅកាន់តំបន់» ឬ A2AD សំដៅលើការទប់ស្កាត់កម្លាំងពីខាងក្រៅមិនឱ្យចូលមកជ្រៀតជ្រែក ក្នុងជម្លោះ ដែលក្នុងបរិបទរបស់កោះតៃវ៉ាន់ មានន័យថា ជាការរារាំងកងកម្លាំងរបស់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តផ្សេងទៀត មិនឱ្យចូលជួយទីក្រុងតៃប៉ិ ក្នុងករណីដែលទីក្រុងប៉េកាំងបើកការវាយប្រហារ។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងនេះ៕


