ភ្នំពេញ៖ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ៉ា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា នៅថ្ងៃស្អែកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេច ចំពោះការស្នើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ។
ថ្លែងប្រាប់ BTV News ក្រោយកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៤ ខែឧសភានេះ ជាមួយ ឯកឧត្តម សក់ សេដ្ឋា តំណាងរាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដើម្បីស្តាប់ការបំភ្លឺជុំវិញការស្នើធ្វើវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ។ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ៉ា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ការបើកកិច្ចប្រជុំនៅថ្ងៃនេះយោងតាមការស្នើសុំរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ត្រូវបានព្រឹទ្ធសភាអនុម័តយល់ព្រម កាលពីសប្តាហ៍មុន ហើយច្បាប់នេះគឺជាការបើកផ្លូវឲ្យបង្កើនសមាសភាពគណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌច្រើនជាងមុន។
ក្នុងនោះផ្តោតសំខាន់ទៅលើការលើកកម្ពស់អភិបាល និងការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យមូលដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងសមធម៌សង្គម៕ អត្ថបទ សេក ឧត្តម