ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា សេរីភាពនៃការបញ្ចេញមតិត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវដោយគោរពច្បាប់ គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ និងមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ នេះគឺជាគោលការណ៍ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក។
ឆ្លើយតបចំពោះការលើកឡើងអំពីសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយនៅកម្ពុជា ក៏ដូចជាដើម្បីចូលរួមលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយគុណភាព ឯកឧត្តម ប៉ែន បូណា បានបង្ហាញនូវមាត្រាច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិក្នុងនោះ មានដូចជា៖ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។
ចំណែកមាត្រា១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា៖ ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២ នៃមាត្រានេះតម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ដូច្នេះការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់និងដែលចាំបាច់ដើម្បី៖(ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ)ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈ ។
ដោយឡែក មាត្រា២៩ (២) នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សចែងថា៖ ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្ដីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្ដាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធានាការពារសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតរបស់កម្ពុជា ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដូចបានលើកឡើងខាងលើ ពោលគឺសេរីភាពនៃការបញ្ចេញមតិត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវដោយគោរពច្បាប់ គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ និងមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈនិងដល់សន្តិសុខជាតិឡើយ។ នេះគឺជាគោលការណ៍ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក៕
