ភ្នំពេញ៖ ចំណូលប្រភេទពន្ធសំខាន់ៗចំនួន ៦ បានរក្សាកំណើនខ្ពស់ ធ្វើឲ្យការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ ប្រមូលបានចំណូលកើនឡើងខ្ពស់ ហើយលទ្ធផលអនុវត្តបានល្អប្រសើរនេះ គឺជាបច្ច័យនៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីការបើកប្រទេសឡើងវិញ ការឆ្លុះបញ្ចាំងអំពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែង ការអនុវត្តកំណែទម្រង់ស្ថាប័ន និងការធ្វើទំនើបកម្មពន្ធដារជាដើម។
អគ្គនាយកដ្ឋានអនុវត្តបានចំនួនប្រមាណជិត ៩៦១ ប៊ីលានរៀល ត្រូវជាង ២៣៧ លានដុល្លារ ស្មើនឹង ៨,៤២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែមេសា ឆ្នាំ២០២១ ឃើញថាកើនឡើងជាង ៤៤៨ ប៊ីលានរៀល ត្រូវជាង ១១០លានដុល្លារ ស្មើនឹង ២៩,៣៦%។
បើសរុបរយៈពេល ៤ខែ ឆ្នាំ២០២២នេះវិញ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួនជាង ៦ ០៨២ប៊ីលានរៀល ត្រូវជិត ១៥០២ លានដុល្លារ ស្មើនឹង ៥៣,២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ បានកើនឡើង ១ ៣៧៩ ប៊ីលានរៀល ត្រូវជាង ៣៤០លានដុល្លារ ស្មើនឹង២៩,៣៦%។
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងនៅក្នុងប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ នេះ ថា លទ្ធផលនៃកំណើនចំណូលនេះ គឺជាបច្ច័យនៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីការបើកប្រទេសឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយលទ្ធផលនេះ ក៏ពិតជាបានឆ្លុះបញ្ចាំងអំពីជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តនូវ កំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្ត ក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់វិធានពន្ធដារនានា។
ឯកឧត្តម លើកឡើងបន្តថា ជុំវិញការប្រមូលចំណូលនេះ នៅក្នុងខែមេសា ឆ្នាំ២០២២ ចំណូលពន្ធប្រភេទពន្ធសំខាន់ៗចំនួន ៤ បានរក្សាកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ធៀបនឹងខែ មេសា ក្នុងឆ្នាំ២០២១ គឺក្នុងរង្វង់ប្រមាណ ៨០% ទៅ ៩០% ក្នុងនោះពន្ធលើប្រាក់ចំណូលជិត ៨២%, អាករលើតម្លៃបន្ថែមជាង ៨៤%, ពន្ធលើប្រាក់បៀវត្សជាង ៨៨%, និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យជាង ៧៧% ខណៈដែលកំណើនខ្ពស់សម្រាប់ចំណូលអាករពិសេសបានកើនឡើងជាង ១១០% និងពន្ធលើឈ្នួលផ្ទះ និងដីជាង ១១៤%៕ អត្ថបទ៖ សុន រ៉ាឌី