ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិយុវជន U17 អាហ្វហ្គានីស្ថាន នាវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកានេះ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ីយុវជនអាយុក្រោម ១៧ឆ្នាំ AFC U17 Asian Cup 2027។
នេះគឺជាការប្រកួតទី២ ក្នុងពូលA របស់ក្រុមទាំងពីរ បន្ទាប់ពីបើកឆាក ក្រុមគោព្រៃជំទង់កម្ពុជា រងបរាជ័យទាំងប្រផិតប្រផើយ ទល់ក្រុមជម្រើសជាតិយុវជន U17 ហ្វីលីពីន ក្នុងលទ្ធផល ២-១ ស្របពេលក្រុមយុវជនអាហ្វហ្គានីស្ថាន បានយកឈ្នះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤-១ កាលពីថ្មីៗ។
ដូច្នេះក្រុមជម្រើសជាតិយុវជនកម្ពុជា ត្រូវធ្វើការងារធ្ងន់ក្នុងការប្រកួតនេះ ដោយត្រូវការពិន្ទុដាច់ខាត ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។ ដំណាលគ្នាក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំហ្វីលីពីន ក៏នឹងត្រូវជួបក្រុមយុវជនឥណ្ឌូនេស៊ី ក្នុងពូលជាមួយគ្នាផងដែរ នៅកីឡដ្ឋាន Thuwunna។
គួរដឹងថា ការប្រកួតជម្រុះពានរង្វាន់យុវជនក្រោមអាយុ ១៧ឆ្នាំប្រចាំទ្វីបអាស៊ីនេះ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូលA ដែលមានបេក្ខភាពប្រកួតប្រជែង ៥ក្រុម រួមមានកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី អាហ្វហ្គានីស្ថាន និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕ អត្ថបទ លី ឈុនឡា






