យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលជំរុញចលនាស្អាតនៅកម្ពុជាស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរៀបចំឡើង នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ឯកឧត្តម ឡេង ជីវិន អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍ នេះ មានគោលបំណងជំរុញឱ្យមន្រ្តីរាជការប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករ-កម្មការិនី មន្រ្តីរាជការ សាធារណជន ចូលរួមទាំងអស់គ្នាសម្អាតសំណល់ប្លាស្ទិក ដែលនៅរាយប៉ាយ ពាសវាលពាសកាល នៅមុខផ្ទះ តាមដងផ្លូវ សាលារៀន អារាម និងរោងចក្រ និងធ្វើការប្តេជ្ញាចិត្តទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក ដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃនេះ ឱ្យបានដល់កម្រិតជាអប្បបរមាដោយសារឥទ្ធិពលនៃថង់ប្លាស្ទិក វាបានផ្ដល់ផលអាក្រក់ក្នុងការបំផ្លាញបរិស្ថាននៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។

ឯកឧត្តម សែន វ៉ាន់ស៊ីម អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងគាំទ្រការរៀបចំដោយមានសារសំខាន់ឡើង ដែលឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជាតិយើងទាំងអស់គ្នា ក៏ដូចជាប្រជាជាតិលើ សកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណភាពបរិស្ថាន ភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយន្តការនៃការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការលើកទឹកចិត្ត សំដៅជំរុញឱ្យមានការប្តេជ្ញាចិត្ត ការកែប្រែទម្លាប់ និងចូលរួម សកម្មភាព ប្រតិបត្តិមេត្រីបរិស្ថាន។

ព្រឹត្តិការណ៍នាពេលនេះ ជាកម្លាំងជំរុញចលនាដើម្បីកម្ពុជាស្អាត តាមរយៈការបណ្តុះភាពស្អាតក្នុងផ្នត់គំនិត ដែលជាកត្តាជំរុញខាងក្នុង ឱ្យបុគ្គលម្នាក់ៗ មានការគោរពស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងខ្លួនឯង និងមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន ចំពោះខ្លួនឯង ចំពោះអ្នកដទៃ និងចំពោះសង្គមទាំងមូល ការអប់រំឱ្យយល់ពីតម្លៃពិតប្រាកដនៃបរិស្ថាន យល់ថាគ្រប់ទង្វើរបស់មនុស្ស សុទ្ធតែមានផលប៉ះពាល់ដល់បរិស្ថាន និងការចូលរួមថែរក្សាការការពារបរិស្ថាន មិនត្រឹមតែជាសកម្មភាពជាអាទិភាពនោះទេ តែត្រូវធ្វើយ៉ាងណាឱ្យមានការចូលរួម ដោយស្មោះ ចេញពីបេះដូង និងដោយក្ដីស្រឡាញ់! ចិត្តស្អាតនាំមកនូវទង្វើស្អាត ទង្វើស្អាត នាំមកនូវបរិស្ថានស្អាត និងសង្គមបៃតងប្រកបដោយចីរភាព៕







