កណ្ដាល៖ នៅថ្ងៃទី២៤ ខែឧសភា គឺថ្ងៃទី៤ ដែលបណ្តាគណបក្សនយោបាយនានា បានធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន១៤ថ្ងៃ។ សម្រាប់ដំណើរការឃោសនាបោះឆ្នោតនេះគឺមានដំណើរការល្អ គោរពសិទ្ធគ្នាទៅវិញទៅមក ខណៈអាជ្ញាធរឃុំសង្កាត់ មានសម្របសម្រួលខ្លាំងលើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ គ្មានអំពើហឹង្សា។
បើតាម ចៅសង្កាត់ព្រែកកំពឹស នៅរាជធានីភ្នំពេញ និងចៅសង្កាត់កំពង់សំណាញ់ នៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅនៅថ្ងៃទី២៤នេះថា នៅក្នុងមូលដ្ឋានរបស់លោក គឺមានបណ្តាគណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ គឺបានធ្វើសកម្មភាពឃោសនាបោះឆ្នោតគ្រប់ៗគ្នា ដូចជា ការជួបជុំ ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងតាមមណ្ឌលចល័តតាមភូមិសង្កាត់ ការចុះឃោសនាតាមផ្ទះ ការចែកខិតប័ណ្ណ និងលើកបដាជាដើម ហើយគណបក្សដែលលេចធ្លោខ្លាំងចេញឃោសនាបោះឆ្នោតច្រើនជាងគេគឺគណបក្សប្រជាជនកម្ពុជា។
បើតាមសកម្មជនគណបក្សនយោបាយ ដែលបានចុះឃោសនាបោះឆ្នោតតាមភូមិ បានថ្លែងថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺយើងបានខិតខំរួមគ្នាអនុវត្តតាមគោលការណ៍ច្បាប់ គ.ជ.ប និងបានអំពាវនាវអោយបណ្តាប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនានេះ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសង្កាត់ដែលជាតំណាងរបស់យើង ជម្រុញការអភិវឌ្ឍន៍របស់មូលដ្ឋានបន្តការរីកចំរើនថែមទៀត។
សូមបញ្ជាក់ថា តាមសេចក្ដីប្រកាសព័ត៌មានស្ដីពី សភាពការណ៍ទូទៅនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ជាក់ថា រយៈពេល៣ថ្ងៃកន្លងមកនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំង ១៧ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួននៅតាមឃុំ សង្កាត់ ដែលខ្លួនឈរឈ្មោះបោះឆ្នោត៕ អត្ថបទ ស៊ុម សុខជា