ស្នូកឃ័រ៖ ព្រឹត្តិការណ៍ស្នូកឃ័រជើងឯក Tour Championship បានរកឃើញកីឡាករម្នាក់ទៀតហើយ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺកីឡាករអូស្ត្រាលី Neil Robertson បន្ទាប់ពីយកឈ្នះកីឡាករអង់គ្លេស Jack Lisowski។

Neil Robertson ដែលឈរចំណាត់ថ្នាក់លេខ៣ ពិភពលោកបានចាប់ផ្តើមដោយនាំមុខ ២-១ហ្វ្រេមលើកីឡាករលេខ៦ ពិភពលោក Jack Lisowski មុនពេលដែលកីឡាករអង់គ្លេសរូបនេះតាមស្មើវិញ ២-២ហ្វ្រេម។ ក្រោយមក Neil Robertson អតីតជើងឯកពិភពលោកឆ្នាំ២០១០ ក៏បានយកឈ្នះ ៤ហ្វ្រេមផ្ទួនៗដើម្បីនាំមុខ ៦-២។ ដំណាក់កាលទី២ Lisowski បានយកឈ្នះ ២ហ្វ្រេមវិញតាមពីក្រោយ ៦-៤ មុនពេលដែល Robertson យកឈ្នះ ៣ហ្វ្រេមវិញនាំមុខ ៩-៤។
Lisowski ក៏បានព្យាយាមស្រោចស្រង់ខ្លួនមកវិញដែរ ក្រោយធ្វើបានមួយឈើ ១២៩ពិន្ទុតាមពីក្រោយ ៩-៥។ យ៉ាងណាក្តី Robertson បានយកឈ្នះនៅហ្វ្រេមទី១៥ ក្នុងចំណោម ១៩ហ្វ្រេមដោយសរុបលទ្ធផល ១០-៥ហ្វ្រេមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សូមបញ្ជាក់ថា ការប្រកួតស្នូកឃ័រ Tour Championship ជាការប្រកួតដែលមានកីឡាករចូលរួមតែ ៨នាក់ប៉ុណ្ណោះ ដែលមានចំណាត់ថ្នាក់ពិភពលោកកំពូលទាំង ៨នាក់៕
អត្ថបទ៖នាង សុភាវុធ