នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោក Yevgeniy Zhukov អគ្គនាយកនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី Yasmin Siddiqi ប្រធានតំណាង ADB ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងឱកាសដែលឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក (World Leaders Summit) ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសន្និសីទលើកទី៣១ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅទីក្រុងអង់តាលីយ៉ា សាធារណរដ្ឋតួកគី។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0) ទាំងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ជាមួយគ្នានេះ ADB បានបញ្ជាក់ពីការគាំទ្រដល់តួនាទីរបស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការសម្របសម្រួល និងកៀរគរធនធាន ដើម្បីឆ្លើយតបនឹងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូតអែលនីញ៉ូ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាបរិស្ថានសកលទាំងអស់ គឺចាំបាច់ត្រូវមានការកិច្ចសហការ ធនធានបន្ថែមពិតប្រាកដ និងការផ្ទេរបច្ចេកវិទ្យា៕