វាយកូនបាល់៖ កីឡាករវាយកូនបាល់កំពូលទាំងពីររូប Rafael Nadal និង Novak Djokovic មិនបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលឡើយតាមរយៈជ័យជំនះជុំដំបូង Grand Slam, French Open។

កីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic និងជាអ្នកការពារតំណែងជើងឯកបានយកឈ្នះកីឡាករជប៉ុន Yoshihito Nishioka ៦-៣, ៦-១ និង ៦-០។ Djokovic កំពុងប៉ុនប៉ងដណ្តើមជើងឯក Grand Slam មួយលើកទៀតឱ្យតាមស្មើកំណត់ត្រាអ្នកឈ្នះ Grand Slam ច្រើនបំផុត ២១លើករបស់ Rafael Nadal បន្ទាប់ពីខកខានមិនបានចូលរួមការប្រកួតកាលពី Grand Slam ដើមឆ្នាំ Australian Open ដោយសារបញ្ហាវ៉ាក់សាំង។
ងាកមកគូប្រជែងសំខាន់នៅទឹកដីបារាំងនេះ ដែលគេស្គាល់ថាស្តេចវាយកូនបាល់លើទីលានដីក្រហម Rafael Nadal ក៏បានបន្តដំណើរទៅជុំទី២ ដែរក្រោយយកឈ្នះកីឡាករអូស្ត្រាលី Jordan Thompson ៦-២, ៦-២ និង ៦-២។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះគឺជាជើងឯក French Open នេះ ១៣សម័យ ខណៈការចាប់ផ្តើមរដូវកាលនេះទល់នឹង Jordan Thompson គេកម្រឃើញកំហុសខាតបង់ពិន្ទុក្នុងការប្រកួតឡើយ។ បើយោងតាមការចាប់ឆ្នោតចុងសប្តាហ៍កន្លងទៅ Nadal និង Djokovic ប្រសិនបន្តឈ្នះរៀងខ្លួន ពួកគេទាំងពីរនាក់អាចនឹងជួបគ្នាត្រឹមវគ្គ ៨នាក់ចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ