ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំទៅព្រះរាជអាជ្ញា និងមន្ត្រី របស់សាលាជម្រះក្ដីទាំងអស់ ត្រូវគោរពវិន័យការងារ និងត្រូវមានក្រមសីលធម៌ល្អ ក្នុងនាមជាមន្ត្រី ក្នុងវិស័យយុត្តិធម៌ ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ថាន់ ឡេង ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ទៀង សុថា ត្រូវតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ មានប្រសាសន៍ថា គ្រប់សាលាជម្រះក្តី ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ ដោយវៀរចាកនូវអគតិធម៌ ឬភាពមិនលម្អៀងទាំង៤ គឺ “ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ” ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានបន្តថា សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួន ហើយមន្រ្តីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចអភិវឌ្ឍខ្លួន ឱ្យបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យច្បាប់ និងយុត្តិធម៌ ត្រូវខិតខំពង្រឹងគុណភាព នៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជាពិសេសត្រូវលើកកម្ពស់គុណភាព នៃការសម្រេចសេចក្តីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រធានសាលាដំបូងខេត្តមណ្ឌលគិរីថ្មី នឹងខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាដំបូងខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើន ព្រមទាំងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ ។
ឯកឧត្តម កើត រិទ្ធ បន្ថែមថា ជាពិសេសត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមកដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន ដោយប្រកាន់ឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីបម្រើឱ្យវិស័យ យុត្តិធម៌ និងបម្រើឱ្យប្រជាជនកម្ពុជា ៕ អត្ថបទ៖ អ៊ិត ភីរុណ