សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្ដិភាព ហើយកាន់តែដឹងទៀតថា សន្ដិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅទីតាំងសួនច្បារមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។
សម្ដេចធិបតី បានថ្លែងថា ដោយយល់អំពីតម្លៃនៃសន្ដិភាពនេះហើយទើបបានជាមូលបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

សម្ដេចធិបតី បានថ្លែងថា «កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយបានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
សូមជម្រាបថា នេះជាលើកដំបូងដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ចប្រជុំកំពូលនេះបានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ១៩៩៧ ហើយកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់ តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀតនៅប្រទេសកម្ពុជានាពេលនេះ។ សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនាពេលនេះ គឺជាមោទនភាព និងជាពេលនៃសាមគ្គីភាព និងជាពេលនៃការអបអរដ៏រីករាយ៕




