សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អង្គការហ្វ្រង់កូហ្វូនី (OIF) មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវប្បធម៌ដ៏រស់រវើក ជាលំហនៃការផ្លាស់ប្តូរ ការធ្វើពាណិជ្ជកម្ម និងនវានុវត្តន៍។

សម្តេចធិបតី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងថា អង្គការហ្វ្រង់កូហ្វូនី ប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព លើសពីនេះយើងខ្ញុំបានគិតគូរជាពិសេសផងដែរ ដល់យុវជនរបស់យើង។ អង្គការហ្វ្រង់កូហ្វូនីនាពេលអនាគត គឺជាបណ្ដុំនៃយុវជនរបស់យើង ហើយយុវជននឹងជាអ្នកបន្តសិក្សាដកបទពិសោធន៍, ជាអ្នកបន្ត បង្កើត, បន្តច្នៃប្រឌិតភូមិនេះ ហើយភូមិហ្វ្រង់កូហ្វូនីដែលបានរៀបចំ នាពេលនេះ ក៏ជាការរៀបចំសម្រាប់យុវជនផងដែរ។

សម្តេចបានបន្ថែមថា ដូចគ្នានឹងទន្លេរបស់យើង, វប្បធម៌របស់យើងបានមកជួបគ្នានៅទីនេះ។ វប្បធម៌នីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណផ្ទាល់ខ្លួន ប៉ុន្តែបានមកជួបជុំគ្នាក្រោមបំណងប្រាថ្នារួមតែមួយគឺ «សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងវឌ្ឍនភាពរួម»។
សូមជម្រាបថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានសហស្ថាបនិកសំខាន់ៗដូចជា សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ, អតីតប្រធានាធិបតីសេណេហ្កាល់), អតីតប្រធានាធិបតីទុយនីស៊ី និងអតីតប្រធានាធិបតីនីហ្សេ។ អង្គការ OIF មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកមិនពេញសិទ្ធិ ៤ ព្រមទាំងសមាជិកជារដ្ឋអង្កេតការណ៍ ២៦ប្រទេស៕

