ភ្នំពេញ ៖ ស្ត្រីម្នាក់បានប្រើអំពើហិង្សាវៃធ្វើក្មេងស្រីម្នាក់ រងរបួសធ្ងន់ធ្ងរ ដែលបានសុំម្ដាយរបស់ក្មេងយកមកនៅជាមួយ អស់រយះពេលជាង១ឆ្នាំមកហើយ ត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួន។
ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតិជន និង លោក វរសេនីយ៍ឯក សុខ ហេងធីអិនការនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី វេលាម៉ោងប្រហែល ២៣:៣០នាទីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ កេង ស្រីកា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយជនសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១:០០នាទី ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា បានប្រើដៃវាយលើផ្ទៃមុខនិងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។
បច្ចុប្បន្ន ក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់។ ចំណែកស្រ្តីជនសង្ស័យ បានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ កុម្ភៈ





