មីយ៉ាន់ម៉ា៖ ក្រុមអ្នកស្រុកអះអាងថា ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ ធ្វើឲ្យក្មេងស្រីម្នាក់នេះក្លាយជាជនរងគ្រោះក្មេងជាងគេបំផុត អំឡុងការបង្ក្រាបយ៉ាងចាស់ដៃមកលើក្រុមបាតុករ បន្ទាប់ពីរដ្ឋប្រហារយោធាសហភាពមីយ៉ាន់ម៉ាកាលពីខែមុន។ សមាជិកគ្រួសារក្មេងរងគ្រោះបាននិយាយថា ក្មេងស្រីម្នាក់នេះត្រូវបានបាញ់សម្លាប់ នៅផ្ទះរបស់នាងក្នុងទីក្រុងម៉ាន់ដាឡេ។

សារព័ត៌មានក្នុងស្រុក Myanmar Now បានរាយការណ៍ថា ទាហានបានបាញ់ឪពុករបស់នាង ប៉ុន្តែបែរជាត្រូវចំក្មេងស្រីទៅវិញ ពេលដែលនាងកំពុងអង្គុយនៅលើភ្លៅឪពុកក្នុងផ្ទះរបស់ពួកគេ។ ក្មេងស្រីរងគ្រោះម្នាក់នេះមានឈ្មោះ ឃីន ម្យ៉ូ ឈីត។ ក្រុមជំនួយអះអាងថា ក្រុមជួយសង្គ្រោះប្រញាប់ប្រញាល់យកនាងទៅព្យាបាល ប៉ុន្តែនៅមិនអាចសង្គ្រោះអាយុជីវិតនាងបានដដែល។ ដោយឡែកបងប្រុសរបស់នាងអាយុ ១៩ឆ្នាំត្រូវបានចាប់ខ្លួនផងដែរ។ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ក្មេងស្រីអាយុ ៧ឆ្នាំនេះដែរ យោធាសហភាពមីយ៉ាន់ម៉ាមិនបានធ្វើសេចក្តីអធិប្បាយណាមួយនោះទេ។ គួរឲ្យដឹងថា សហភាពមីយ៉ាន់ម៉ាបានញាំញីដោយបាតុកម្មមិនលោះថ្ងៃ ចាប់តាំងពីយោធារឹបអូសអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
ក្រុមសង្គ្រោះកុមារបាននិយាយថា ក្មេងៗជាង ២០នាក់ស្ថិតនៅក្នុងចំណោមជនរងគ្រោះ ដែលត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់។ យោធាអះអាងថា មនុស្ស ១៦៤នាក់បានស្លាប់នៅក្នុងបាតុកម្ម ខណៈដែលសមាគមជំនួយអ្នកទោសនយោបាយ ដែលជាក្រុមសកម្មជននៅសហភាពមីយ៉ាន់ម៉ានិយាយថា មនុស្សសរុប ២៦១នាក់បានស្លាប់ដោយសារអំពើហិង្សាមួយនេះ។ កាលពីព្រឹកថ្ងៃអង្គារ យោធាបានបង្ហាញពីក្តីក្រៀមក្រំ ចំពោះការស្លាប់របស់ក្រុមបាតុករ ប៉ុន្តែបានថ្កោលទោសពួកគេ ធ្វើឲ្យមានភាពអានាធិបតេយ្យនៅក្នុងប្រទេសមួយនេះ។ អ្នកនាំពាក្យយោធាបាននិយាយថា ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារយោធា ត្រូវតែទទួលខុសត្រូវចំពោះអំពើហិង្សា និងការដុតបំផ្លាញ៕
អត្ថបទ៖ សារ៉ាត់