កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ដែកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាព្រឹត្តិការណ៍ ផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគត ចំពោះប្រវត្តិសាស្រ្ដដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានរួមចំណែកបង្កើតឡើងកាលពីជាង៥០ឆ្នាំមុន ថ្ងៃនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ក្នុងបរិយាកាសនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ បានបញ្ជាក់នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារសុខា រាជធានី ភ្នំពេញ។
ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា កិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ នៅក្នុងប្រទេសកម្ពុជានេះ គឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងជាកិត្យានុភាពរបស់កម្ពុជា។
ឯកឧត្តមបានរំឭកប្រវត្តិសាស្ត្រនៃការបង្កើតសហគមន៍ហ្វ្រង់កូហ្វូនី ដែលកាលនោះព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ជាបិតាស្ថាបនិកមួយព្រះអង្គក្នុងចំណោមបិតាស្ថាបនិកទាំងបួននៃសហគមន៍ហ្វ្រង់កូហ្វូនី រួមជាមួយឥស្សរជនមកពីប្រទេសសេណេហ្គាល់ ទុយនីស៊ី និងនីហ្សេ។
ឯកឧត្តមបានឱ្យដឹងថា ព្រះអង្គទ្រង់មានព្រះរាជចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការប្រើប្រាស់ភាសាបារាំងជាមធ្យោបាយសម្រាប់ការផ្សារភ្ជាប់ប្រជាជន ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ការអភិវឌ្ឍ និងការពង្រឹងសាមគ្គីភាពអន្តរជាតិ។ នៅឆ្នាំ១៩៧០ ទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេសត្រូវបានបង្កើតឡើងនៅទីក្រុងនីអាមេ ដែលជាមូលដ្ឋានគ្រឹះនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបច្ចុប្បន្ន។
ឯកឧត្តមបានបន្តថា ក្រោយពីឆ្លងកាត់ប្រវត្តិសាស្ត្រដ៏លំបាក កម្ពុជាបានបន្តពង្រឹងទំនាក់ទំនងជាមួយសហគមន៍ហ្វ្រង់កូហ្វូនី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ បន្តមក រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តមរតកនៃកិច្ចសហប្រតិបត្តិការនេះ និងបានដាក់បេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២០។
ឯកឧត្តម នេត្រ ភត្រ្តា បានថ្លែងថា៖«ការរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា គឺជាការផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគត។ អ្វីដែលព្រះបរមរតនកោដ្ឋទ្រង់បានរួមចំណែកបង្កើតឡើងកាលពីជាង៥០ឆ្នាំមុន ថ្ងៃនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ក្នុងបរិយាកាសនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
ឯកឧត្តមបន្តថា កម្ពុជាជាប្រទេសដែលពិភពលោកធ្លាប់ស្គាល់តាមរយៈសង្គ្រាម ការបែកបាក់ និងសោកនាដកម្មមនុស្សធម៌។ ប៉ុន្តែថ្ងៃនេះ កម្ពុជាកំពុងបង្ហាញរូបភាពមួយផ្សេងទៀត គឺប្រទេសដែលមានស្ថិរភាព មានការអភិវឌ្ឍ មានសក្តានុពល និងមានសមត្ថភាពចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ។
ឯកឧត្តម នេត្រ ភត្រ្តា បានបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលបានងើបឡើងវិញពីសង្គ្រាមនោះទេ ប៉ុន្តែជាប្រទេសដែលកំពុងប្រែក្លាយបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ខ្លួនទៅជាសារដ៏មានតម្លៃសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយនេះជាលើកដំបូងដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅកម្ពុជា និងជាលើកទីពីរនៅក្នុងទ្វីបអាស៊ី៕










