យុវជនកម្ពុជាបានបង្ហាញមោទកភាពចំពោះការដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់ កូហ្វូនីជាលើកដំបូង។ ពួកគាត់យល់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសបង្ហាញពីវប្បធម៌ និងសក្តានុពលកម្ពុជា ទៅកាន់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាផ្សព្វផ្សាយការពិតអំពីកម្ពុជាទៅកាន់ពិភពលោកផងដែរ។
ការរៀបចំភូមិហ្វ្រង់កូហ្វូនី ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ បានបង្កើត ឱកាសឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន បានឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ និងផលិតផលចម្រុះ ពីបណ្តាប្រទេសនានា ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ប្រទេសទាំងនោះផ្ទាល់។
ជាមួយនឹងបទពិសោធន៍ថ្មីនេះ យុវជនក៏បានកោតសរសើរចំពោះការខិតខំរៀបចំរបស់កម្ពុជា ដើម្បីបង្ហាញ ពីភាពសម្បូរបែបនៃវប្បធម៌ និងសក្តានុពលជាតិ។ ពួកគាត់រំពឹងថា ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួម នឹងជួយ ផ្សព្វផ្សាយបន្តអំពីកម្ពុជា និងចែករំលែកនូវអ្វីដែលបានឃើញ និងបានស្គាល់ ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ។
ជាមួយគ្នានេះ យុវជនក៏រំពឹងថា ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងបានឈ្វេងយល់កាន់តែច្បាស់ពីការខូចខាតប្រាសាទបុរាណរបស់កម្ពុជា ដូចជា ប្រាសាទព្រះវិហារ ប្រាសាទ តាមាន់ និងប្រាសាទតាក្របី ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពានផងដែរ។ ពួកគាត់ក៏សង្ឃឹមដែរថា ភ្ញៀវទាំងនោះនឹងជួយផ្សព្វផ្សាយការពិតទៅកាន់សហគមន៍អន្តរជាតិ ដើម្បីរួមចំណែកស្វែងរកយុត្តិធម៌ជូនកម្ពុជា។
តាមរយៈព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ យុវជនសង្ឃឹមថា កម្ពុជានឹងកាន់តែត្រូវបានស្គាល់ ទូលំទូលាយនៅលើឆាកអន្តរជាតិ ទាំងផ្នែកវប្បធម៌ ប្រពៃណី និងសក្តានុពលជាតិ ព្រមទាំងការពិតដែលកម្ពុជា ចង់ឱ្យពិភពលោកបានដឹង។ ជាពិសេស ក្តីសង្ឃឹមក្នុងការរួមចំណែកលើកកម្ពស់មុខមាត់ជាតិ និងស្វែងរក ការគាំទ្រយុត្តិធម៌សម្រាប់កម្ពុជាផងដែរ៕ ពៅ យី












