ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាពិតជាមាកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ហើយថ្នាក់ដឹកនាំ តំណាងប្រទេស និងរដ្ឋជាង ៨០ ដែលមកកាន់កម្ពុជាបានបញ្ជាក់ពីការជឿទុកចិត្តចំពោះសុវត្ថិភាព និងការរៀបចំរបស់កម្ពុជា ខណៈតាមរយៈកិច្ចប្រជុំនេះកម្ពុជានឹងបង្ហាញអំពីដំណើរការជារួមរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្ដ ការឆ្លងកាត់សង្គ្រាមដ៏ជូរចត់ និងការខិតខំប្រឹងប្រែងតស៊ូងើបឈរឡើងវិញទម្រាំមានការអភិវឌ្ឍលើគ្រប់វិស័យមកដល់ពេលបច្ចុប្បន្ននេះទៅកាន់ពិភពលោក។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះក្នុងឱកាសចុះទស្សនកិច្ចនៅទីតាំងភូមិហ្វ្រង់កូហ្វូនី សួនច្បារមុខវត្តបទុមវត្តី រាជធានីភ្នំពេញ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ក្នុងនាមជាកូនខ្មែរមួយរូប បានបង្ហាញក្ដីរំភើប និងមោទនភាពក្រៃលែងដែលកម្ពុជា ទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងមានប្រទេសជាសមាជិកចូលរួមជាង ៨០ ប្រទេសនាពេលនេះ។
ឯកឧត្តមបានរំឭកអំពីប្រវត្តិនៃការបង្កើតអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីនេះឡើង និងទំនាក់ទំនងតជំនាន់តាំងពីជំនាន់ ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានរួមចំណែកបង្កើតឡើងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីនេះឡើងដែលជាព្រះរាជចក្ខុដ៏វែងឆ្ងាយកាលពីជាង ៥០ឆ្នាំមុនសម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ហើយថ្ងៃនេះកេរដំណែលនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ក្នុងបរិយាកាសនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ នាពេលនេះ។
ឯកឧត្តមបានថ្លែងថា តាមរយៈកិច្ចប្រជុំនេះកម្ពុជាចង់ឱ្យមិត្តភក្ដិបរទេសទាំងអស់ឈ្វេងយល់ពីកម្ពុជា ជាពិសេសការឆ្លងកាត់នៃរបបប្រល័យពូជសាសន៍ និងការពិតនៃសង្គ្រាមថៃឈ្លានពានចំនួនពីរលើកកាលពីឆ្នាំ២០២៥ ដែលជាព័ត៌មានពិត និងអ្វីដែលបានកើតឡើងជាសច្ចភាព ដូចជាផលប៉ះពាល់ទៅលើប្រាង្គប្រាសាទបុរាណខ្មែរ អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសពលរដ្ឋកម្ពុជាដែលរងគ្រោះ និងនៅបន្តភៀសសឹកជាង ២ម៉ឺននាក់មិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយមកទល់ពេលនេះទោះបីជាបទឈប់បាញ់រវាងប្រទេសទាំងពីរនៅជាធរមានក៏ដោយ។
ឯកឧត្តមបានថ្លែងថា ទំនាក់ទំនងកម្ពុជា-បារាំង, ទំនាក់ទំនងប្រទេសមីមួយៗជាមួយប្រទេសបារាំង បានឆ្លងកាត់ប្រវត្តិ និងទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ មនុស្ស និងមនុស្ស មានលក្ខណៈមិនដូចគ្នាទាំងស្រុងទេ ហើយមានការវិវត្តជាបន្តបន្ទាប់, មកដល់បច្ចុប្បន្នអ្វីដែលធ្វើឱ្យយើងនៅមានការផ្សាភ្ជាប់ ជាពិសេសជាយន្តការអចិន្រ្ដៃយ គឺសមាជិកសមាជិកនៃអង្គការហ្រ្វង់កូហ្វូនីទាំងអស់។ ចេញពីមូលដ្ឋាននៃប្រវត្តិដ៏យូរឡុង រហូតមកដល់ពេលបច្ចុប្បន្ន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា «យើងមករួបរួមគ្នានៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅប្រទេសកម្ពុជា នឹងរំឭកអនុស្សាវរីយ៍នៃអតីតកាល ប៉ុន្ដែកត្តាធំ គឺយើងត្រូវរួបរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗនៅលើពិភពលោក ជាពិសេស ការវិនិយោគ និងពង្រឹងបន្ថែមទៅលើសុខសន្ដិភាពដែលមានតម្រូវការមិនត្រឹមតែក្នុងតំបន់ តែគឺសម្រាប់ពិភពលោកទាំងមូល»៕


